Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករមួយចំនួនផ្ទុះការតវ៉ា ស្នើសុំរក្សាការលក់ដូរនៅផ្សារសេរីស្ទោង ខណៈផ្សារស្ទោងអភិវឌ្ឍន៍ថ្មី ជាការរៀបចំឱ្យ អាជីវករ មាន កន្លែង លក់ដូរ ស្អាតត្រឹមត្រូវ

កំពង់ធំ ៖ អាជីវករមួយចំនួនបានផ្ទុះការតវ៉ា ចំពោះរឿងរ៉ាវដែលអាជ្ញាធរស្រុក បានធ្វើការផ្លាស់ប្តូរឱ្យអាជីវករ លក់ដូរនៅផ្សារសេរីស្ទោង ដែលស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ទៅលក់ នៅផ្សារស្ទោងអភិវឌ្ឍន៍ថ្មី ដែលអាជ្ញាធររៀបចំ។ បច្ចុប្បន្នអាជ្ញាធរស្រុកស្ទោង បាននិងកំពុង ធ្វើការរៀបចំ ផ្សារ ស្ទោង អភិវឌ្ឍន៍ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករក្នុងការលក់ដូរ។

អាជ្ញាធរស្រុកស្ទោង បាននិងកំពុងរៀបចំសណ្ដាប់ធ្នាប់ ពីការលក់ដូរនៅផ្សារសេរីស្ទោង ទៅលក់ដូរនៅផ្សារស្ទោងអភិវឌ្ឍន៍វិញ ខណៈអ្នកលក់ដូរបន្លែត្រីសាច់ បាននាំគ្នាស្នើសុំរក្សាការលក់ដូរនៅ កន្លែងដដែល។

ខណៈដែលមានការតវ៉ាពីអាជីវករមួយចំនួន ដែលបានស្នើសុំរក្សាការលក់ដូរនៅកន្លែងដ៏ដែល អាជ្ញាធរស្រុក ចាត់ទុកថា ផ្សារស្ទោងអភិវឌ្ឍន៍នេះ ជាការរៀបចំសណ្តាប់ធ្នាប់ថ្មី ដើម្បីឱ្យ អាជីវករមានកន្លែង លក់ដូរ ស្អាត សមរម្យ។
អាជីវករ ដែលធ្លាប់លក់ដូរនៅផ្សារសេរីស្ទោង ហើយបានប្ដូរមកលក់ដូរនៅ«ផ្សារស្ទោងអភិវឌ្ឍន៍»វិញ បានលើកឡើងថា ពួកគាត់បានមកលក់នៅទីនេះមានកន្លែងស្អាតត្រឹមត្រូវហើយគ្មានអ្នកណាបង្ខិតបង្ខំទេ ហើយកន្លែងនេះ ក៏គ្មានការបង់ប្រាក់ដែរ ដូច្នេះសូមឲ្យបងប្អូនមកលក់ទីនេះ ដើម្បីមានកន្លែងលក់ដូរបានសមរម្យ។

អាជីវករ បានលើកឡើងថា ពួកគាត់គាំទ្រការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរ ដែលមិនឲ្យរៀបចំ កា រ លក់លើចិញ្ចើមផ្លូវ ដោយពួកគាត់លក់ទៅតាមគំនូស ដែលអាជ្ញាធរបានរៀបចំឲ្យ។ ក្នុងនោះពួកគាត់ក៏បានសំណូមពរអាជ្ញាធរ សម្រួលចរាចរណ៍ បើកផ្លូវដល់រថយន្តដែលបានដឹកបន្លែត្រីសាច់ដូចធម្មតា។
លោក ណែត សារី អភិបាលស្រុកស្ទោង បានឲ្យដឹងថា អាជ្ញាធរស្រុក បានសហការជាមួយនឹង«ផ្សារស្ទោងអភិវឌ្ឍន៍»ដើម្បីរកទីតាំងផ្ដល់ជូនពួកគាត់ដែលធ្វើការលក់បន្លែ ត្រីសាច់ នៅលើដីចំណីផ្លូវ និងជួលនៅមុខផ្ទះរបស់គេ ដើម្បីធ្វើការលក់ដូរឲ្យបានត្រឹមត្រូវ មានទីធ្លាស្អាត និងមិនមានការបង់ប្រាក់ ហើយក៏គ្មានការបង្ខិតបង្ខំដែរ។

លោក ណែត សារី បានបន្តថា សណ្ដាប់ធ្នាប់ផ្សារសេរីស្ទោងនៅតាមបណ្ដោយផ្លូវ បងប្អូនអាជីវករទាំងអស់ បានយកផ្លូវសាធារណៈមកលក់ដូរ ដែលបង្កធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់ បាត់បង់សោភ័ណភាព និងមិនគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលមិនមានគម្លាតសុវត្ថិភាពក្នុងបរិបទកូវីដ-១៩។

ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង បានគូសបញ្ជាក់ថា បើបងប្អូនអាជីវករណាចង់មកលក់ដូរនៅផ្សារស្ទោងអភិវឌ្ឍន៍ក៏បាន មិនមកលក់ក៏បាន ស្រេចតែនឹងចិត្តតែត្រូវគោរពតាមការរៀបចំរបស់អាជ្ញាធរដែលបានកំណត់»។ នេះជាប្រសាសន៍របស់អភិបាលស្រុកស្ទោង៕រក្សាសិទ្ធិដោយ៖CEN

×