ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សម្ដេចតេជោហ៊ុន សែន បានស្វែងរកអ្នកវិនិយោគទុន មកបើករោងចក្រឱ្យកាន់តែច្រើន ធ្វើឱ្យបងប្អូនមានមានការងារធ្វើ មានប្រាក់បៀរវត្សរ៍ខ្ពស់ មានទាំងម៉ូតូ ឡានជិះថែមទៀត ។
លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះ ក្នុងឱកាសនាំយក អំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសាររស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

លោកឃួង ស្រេង បានបន្ថែមទៀតថា ក្នុងកាលៈទេសៈនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ សម្ដេចតេជោ បានស្វែងរកវ៉ាក់សាំង មកចាក់ជូនពលរដ្ឋជាបន្តបន្ទាប់ទៀត មិនថាតែកូវីដ-១៩ ទេ បងប្អូនដែលរងគ្រោះ ដោយទឹកជំនន់ ខ្យល់ព្យុះ ក៏តែងទទួលបានការយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុន សែន ផងដែរ ពេលមានគ្រោះមហន្តរាយកើតឡើង គឺតែងតែមានសម្ដេចតេជោ ចេញមុខជួយ មិនមែនធ្វើយូរទៅក្រទៅៗ ដូចក្រុមមួយនោះនិយាយទេ សូមបងប្អូនកុំជឿការឃោសនា របស់ក្រុមមួយនោះឱ្យសោះ ពួកគេគ្មានអ្វីជួយបងប្អូនទេ សូម្បីតែម៉ាសមួយ អង្ករមួយគីឡូក្រាម ចែកជូនបងប្អូនក៏គ្មានដែរ។

អភិបាលរាជធានីភ្នំពេញប្រកាសថា បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ ដើម្បីហូបចុក សូមបងប្អូនទាក់ទងមកមេភូមិឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជា សង្កាត់របស់បងប្អូន នោះក្រុមការងារ នឹងចែកជូនបងប្អូនភ្លាម ។ រដ្ឋបាលរាជធានីភ្នំពេញ មិនខ្វះទេស្បៀងអាហារ សម្រាប់ចែកជូនបងប្អូន ដោយមានទាំងស្បៀងអាហារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្បៀងអាហាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងស្បៀងអាហាររបស់សប្បុរសជននានាថែមទៀត។

អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា កន្លងមកអាជ្ញាធររាជធានី ខណ្ឌនិងសង្កាត់ បានយកចិត្តទុកដាក់ ក្នុងការជួយដោះស្រាយ ការលំបាករបស់បងប្អូនជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះ បងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ រស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានទទួល អំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
សូមបញ្ជាក់ថា ក្នុងរយៈពេលជិត១ខែនេះ ពោលគឺចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃទី១៧ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងទ័ព បានដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង៤២ម៉ឺនគ្រួសារ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
