ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ដោយការលើកដាក់ទំនិញនៅកំពង់ផែ ក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលចុងសប្តាហ៍កន្លងមកនេះ។

ទន្ទឹមនឹងនោះកម្ពុជាបានកំណត់យកកំពង់ផែជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្មសម្រាប់ការពង្រីកការដឹកជញ្ជូន ទំនិញទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល ខណៈក្រសួងសាធារណការ និងដឹកជញ្ជូនកំពុង រៀបចំ ការពង្រីកកំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Interchange) ដើម្បីជួយសម្រួល និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ។
គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងជាតិ មាតុភូមិ ដោយបានរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ក្នុងរង្វង់៧% ប្រកបដោយចីរភាពជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជាជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត បានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខមានទីតាំងអំណោយផលឋិតនៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។ បរិមាណទំនិញឆ្លងកាត់ឧបករណ៍ លើកដាក់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់៕ រក្សាសិទ្ធិដោយ ៖ CEN

