ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបណ្តេញរដ្ឋមន្ត្រីការបរទេស Rex Tillerson ចេញពីតំណែង នឹងបានដាក់ លោក Mike Pompeo ដែលបច្ចុប្បន្នជាប្រធានភ្នាក់ងារស៊ើបអង្កេត CIA ឲ្យកាន់តំណែងជំនួសវិញ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន Channel News Asia។
មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បាននិយាយថា លោក ត្រាំ ចង់រៀបចំក្រុមរបស់គាត់ឡើងវិញ ដើម្បីផ្តើមការចរចាជាមួយនឹងកូរ៉េខាងជើង។ កាលពីសប្តាហ៍មុនលោក ត្រាំ បានប្រកាសថាគាត់យល់ព្រមជួបចរចារជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅចុងខែឧសភាខាងមុខនេះ។
លោក ត្រាំ ក៏បានអរគុណដល់ លោក Rex Tillerson ផងដែរសម្រាប់ការបំពេញកិច្ចការងាររបស់គាត់។
សូមបញ្ជាក់ថា មុនពេលមានការបណ្តេញប្រមុខការទូតអាមេរិចចេញពីតំណែង លោកត្រាំ បាននិយាយដោយបើកចំហរថា លោក និងលោក Rex Tillerson មានភាពមិនចុះសំរុងនឹងគ្នាលើបញ្ហាមួយចំនួន ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសអ៊ែរ៉ង៕ សុភ័ក្ត្រ