ភ្នំពេញ ៖ បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ ដែលបង្ហាញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានសរុបចំនួន ២៩,០៨៣,៦៧៦ពាន់រៀល ឬ(៧,១៦៥,២៣២ដុល្លារអាមេរិក) កើនឡើងចំនួន ៦៧២,៦៥៥ពាន់រៀល (១៧៦,០៥១ដុល្លារអាមេរិក) ឬស្មើនឹង២.៣៧%។

របាយការណ៍នេះ បានឱ្យដឹងទៀតថា ប្រាក់ចំណេញសុទ្ធ ក្នុងការិយបរិច្ឆេទក្នុងត្រីមាសទី១ ឆ្នាំ២០២១ មានចំនួនសរុប ១៣,៩៧០,៤២៦ពាន់រៀល (៣,៤៤១,៨៤១ដុល្លារអាមេរិក) សម្រេចបាន ៣០.៨៩% នៃការគ្រោងផែនការឆ្នាំ២០២១ និងធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ កើនឡើងចំនួន ៤,០៤៤,៩០៨ ពាន់រៀល (១,០០០,១៣៩ដុល្លារអាមេរិក) ឬស្មើនឹង ៤០.៧៥%»។

ដោយឡែកចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ក្នុងត្រីមាសទី១ ឆ្នាំ២០២១ (Basic Earnings Per Share) គឺមានចំនួន ៦៧៥.៣៣រៀល (០.១៧ដុល្លារអាមេរិក)។
របាយការណ៍ខាងលើបានបញ្ជាក់ថា «សម្រាប់ការអនុវត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម មានចំនួន ២៩,០៨៣,៦៧៦ ពាន់រៀល (៧,១៦៥,២៣២ដុល្លារអាមេរិក) សម្រេចបាន ២៤.៦៧% នៃការគ្រោងផែនការឆ្នាំ២០២១ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ កើនឡើងចំនួន ៦៧២,៦៥៥ពាន់រៀល (១៧៦,០៥១ដុល្លារអាមេរិក) ឬស្មើនឹង២.៣៧%»៕
រក្សាសិទ្ធិដោយ៖CEN
