Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រី​សេដ្ឋកិច្ច ៖ យន្តការ​អន្តរក្រសួង ដោះស្រាយ​ផលប៉ះពាល់ អនុវត្ត​តែ​ចំពោះ​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ និង​ផលប្រយោជន៍​ជាតិ

spot_img

​ភ្នំពេញ ​៖ លោក​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត (Professor Rhona Smith) អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ពិភាក្សា និង​ស្វែង យល់​ឲ្យបាន​កាន់តែ​ស៊ីជម្រៅ​អំពី​ការ​កៀរគរ​ចំណូល​ថវិកាជាតិ ក៏​ដូច​ជា​ការ​វិភា​ជ​ថវិកា ក្នុង​គោលដៅ​លើកកម្ពស់​សិទ្ធិ ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​សិទ្ធិ​ពលរដ្ឋ​ទូទៅ ក៏​ដូច​ជា​យន្តការ​ដោះស្រាយ​ផលប៉ះពាល់ និង​បញ្ហា ប្រឈម​ក្នុងការ ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​អង្គការសហប្រជាជាតិ​ក្នុង​ដំណើរការ​អភិវឌ្ឍ​នៅ​កម្ពុជា និង​បាន​ជម្រាបជូន​អំពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ដែល​កំពុង​សម្រេចបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​យ៉ាងរឹងមាំ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អ្នកស្រី រ៉ូ​ណា ស្មី​ត ថា កម្ពុជា​កំពុង​បន្តដំណើរ​យ៉ាង​ស្វាហាប់ ដើម្បី​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ដោយ​ត្រូវ​សម្រេច​ឲ្យបាន​នូវ​លទ្ធផល​ជា​សារវ័ន្ត​នៃ​ការកែទម្រ​ង់​សំខាន់ៗ និង​បន្តបន្ទាប់​។ លោក​បណ្ឌិត បាន​ជម្រាប​អំពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំកន្លងមក តាមរយៈ​ការដាក់​ឲ្យ​អនុវត្តក​ម្ម​វិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​១ (​ឆ្នាំ​២០០៤-២០០៨) ដោយ​បាន​កសាង​នូវ ភាពជឿ​ទុកចិត្ត​នៃ​ថវិកា តាមរយៈ​ការពង្រឹង និង​គ្រប់គ្រង​ការប្រមូល​ចំណូល ការពង្រឹង​ការ គ្រប់គ្រង​សាច់ប្រាក់ និង​ការកែលម្អ​នីតិវិធី​នៃ​ការអនុវត្ត​ថវិកា ។ ដំណាក់កាល​ទី​២ (​ក្នុង​ឆ្នាំ ២០០៩-២០១៥) សម្រេចបាន​នូវ​ការបង្កើន គណនេយ្យភាព​ហិរញ្ញវត្ថុ ដោយ​បាន​ផ្តោត​លើ​ការរៀបចំ​លម្អ​ការកត់ត្រា របាយការណ៍​​គណនេយ្យ និង​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ត្រឹមត្រូវ ច្បាស់លាស់ សុ​ក្រឹត្យ និង​ទាន់​ពេលវេលា ស្រប​តាមឧ​ត្ត​មានុ​វត្ត​អន្តរជាតិ តាមរយៈ​ការដាក់​ឲ្យ​អនុវត្ត​​មាតិកា​ថវិកា​ថ្មី ស្តង់ដារ​គណនេយ្យ និង​ប្លង់​គណនេយ្យ​ថ្មី អង្គភាព​ថវិកា និង​នីតិវិធី​ថ្មី​នៃ​ការអនុវត្ត​ថវិកា​។ ដំណាក់កាល​ទី​៣ (​ឆ្នាំ​២០១៥-២០១៨) ការផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ គឺ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ថវិកា បច្ចុប្បន្ន​ជា​ជំហានៗ ពី ប្រព័ន្ធ​ថវិកា​ផ្តោត​លើ​ធាតុ​ចូល និង​មជ្ឈការ ទៅជា​ប្រព័ន្ធ​ថវិកា​ផ្តោតលើ​លទ្ធផល ឬ​ធាតុ​ចេញ និង​វិមជ្ឈការ តាមរយៈ​ការចាប់ផ្ដើម​ពង្រឹង និង​ពង្រីក​ការអនុវត្ត​ប្រព័ន្ធ ថវិកា​កម្មវិធី​ពេញលេញ ស្រប​តាម​ទស្ស​ទាន​ស្តី​ពី​ទិស​ដៅ យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ២០១៣-២០២០ និង​ការឈាន​ទៅ​អនុវត្ត​ប្រព័ន្ធ ថវិកា​សមិទ្ធកម្ម ស្រប​តាម​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ ២០១៨-២០២៥ និង​ស្រប​តាម​គោលដៅ នៃ​ការឈាន​ទៅ​អនុវត្ត ដំណាក់កាល​ទី​៤ នៃ​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ គឺ​គណនេយ្យភាព​ចំពោះ​សមិទ្ធិ​កម្ម​។​

​ថ្លែង​ចំពោះមុខ​អ្នករាយការណ៍​ពិសេស ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​ទេស​រដ្ឋមន្ដ្រី​ឲ្យដឹងទៀតថា ជាក់ស្តែង​ផ្អែកលើ​លទ្ធផល នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ជា​បន្តបន្ទាប់ រាជរដ្ឋាភិបាល​ធានា​បាន​ប្រក្រតីភាព​នៃ​ដំណើរការ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ពិសេស​ធានា និង​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច ព្រមទាំង​លំនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។​

​ក្នុង​នោះ​ទំហំ​សេដ្ឋកិច្ចជាតិ (​ផ​.​ស​.​ស​. តាម​ថ្លៃ​បច្ចុប្បន្ន​) បាន​កើនឡើង​ពី ៦១.៣២៦.៩២៨ លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង ១៥.២៣៧ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៣ ដល់ ៨៩.៥០៩.៤២២ លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង ២២.១៧២ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១៧ ហើយ​នឹង​បន្ត​ឡើងដល់ ៩៩.១១៦.០៤១​លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង ២៤.៥៥២ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០១៨ ។ ចំណូល​មនុស្ស​ម្នាក់​ធៀប​នឹង​ផ​.​ស​.​ស​. បាន​កើនឡើង​ពី ១.០៤២ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៣ ដល់​ប្រមាណ ១.៤៣៥ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ ហើយ​នឹង​បន្ត​ឡើង​ដល់​ប្រមាណ ១.៥៦៨ ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨ ក្នុង​ខណៈ​ដែល​អត្រា​ប្តូរ​ប្រាក់​ស្ថិត​ក្នុង​រង្វង់ ៤.០៥០​រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក​។​

​លោក​ទេសរដ្ឋមន្ដ្រី​បញ្ជាក់ទៀតថា ទាំងអស់នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​ឯករាជ្យភាព​ជាង​មុន និង​កាន់តែ​មាន​ភាព ជា​ម្ចាស់ ដែល​នេះ​ជា​ផ្លែផ្កា​នៃ​កិច្ច​ខិតខំ ប្រឹងប្រែង​អនុវត្ត​ក្នុង​ឆន្ទៈ​ប្តូរផ្តាច់​ឥត​ងាករេ​នូវ​វិធានការ​មុត​ស្រួច ទាំងឡាយ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។​

​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅ​ក្នុង​ការ​វិភា​ជ​ថវិកា​ឆ្នាំ ២០១៨ វិស័យ​សង្គមកិច្ច នៅតែ​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ទី​១ ទទួលបាន​ឥណទាន​ថវិកា​ប្រមាណ ៧,០៨% នៃ​ផ​.​ស​.​ស​. មាន​កំណើន ប្រមាណ ២២% ធៀប​នឹង​ឆ្នាំ​២០១៧ គួរកត់សម្គាល់​ថា ធៀប​នឹង​ឆ្នាំ​២០១៣ ចំណាយ​សរុប​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវបាន​បង្កើន​ជាង​បី​ដង​, ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវបាន​បង្កើន​ជិត​ពីរដង ក្រសួង​សុខាភិបាល ត្រូវបាន​បង្កើន​ជិត​ពីរដង​កន្លះ និង​ក្រសួង​បរិស្ថាន ត្រូវបាន​បង្កើន​ជិត​បី​ដង​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់លោក ទេសរដ្ឋមន្ដ្រី​។​

​រាជរដ្ឋាភិបាល ក៏​បាន​យកចិត្តទុកដាក់​លើ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​ការលើកស្ទួយ ការការពារ​សិទ្ធិ និង​សេចក្តីថ្លៃថ្នូ​របស់​មនុស្ស ការពង្រឹង​គោលការណ៍​នីតិរដ្ឋ នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​សេរី ការធានា​យុត្តិធម៌ សង្គម ធៀប​នឹង​ឆ្នាំ​២០១៣ ថវិកា​ចំណាយ​សរុប របស់​ក្រសួង​យុត្តិធម៌ ត្រូវបាន​បង្កើន​ជិត​ពីរដង ហើយ​បាន​ផ្តោត​លើ​ការបង្កើន​ថវិកា​សម្រាប់​តុលាការ​គ្រប់​ជាន់ថ្នាក់ រួម​ទាំង​ការបង្កើន​ថវិកា​សម្រាប់​ផ្តល់​ជូន​គណៈមេធាវី​កម្ពុជា ដើម្បី​ជួយ​ការពារ​ក្តី​ជូន​ជនក្រីក្រ​។ ទន្ទឹមនេះដែរ រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​ផ្តល់​ថវិកា​សម្រាប់​សេវា ផ្លូវ​ច្បាប់​ជួយ​ស្ត្រី​ក្រីក្រ ដោយ​អំពើ​ហិង្សា​គ្រប់​ប្រភេទ ក៏ដូចជា​ផ្តល់​ថវិកា​គាំទ្រ​ដល់​ការចុះបញ្ជី​ដី​សហគមន៍ និង​ដី​រដ្ឋ​រួមទាំង ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ទៀតផង​។​

​លោក​បណ្ឌិត​សភា​ចារ្យ​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា ជា​យន្តការ​អន្តរក្រសួង បាន​ដោះស្រាយ​ផលប៉ះពាល់ មាន​អាណត្តិ​កិច្ច​អនុវត្ត​តែ​ចំពោះ​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ និង​ផលប្រយោជន៍​ជាតិ​តែប៉ុណ្ណោះ ទាំង​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ដែល​ប្រើប្រាស់​ថវិកា​ជាតិ​ផ្ទាល់​, គម្រោង​ដែល​ផ្តល់​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍ និង​គម្រោង​ក្នុង​ក្រប​ខណ្ឌ​ភាព ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ។​

​ការងារ​ដោះស្រាយ​ផលប៉ះពាល់ ត្រូវបាន​អនុវត្ត​ដោយ​មាន​ភាពទន់ភ្លន់ និង​ប្រកាន់​ជាប់​នូវ គោលការណ៍​នីតិរដ្ឋ គោលការណ៍​មនុស្សធម៌ គោលការណ៍​សមធម៌​សង្គម និង គោលនយោបាយ​របស់​ដៃ​គូ អភិវឌ្ឍន៍ សំដៅ​ធានា​ការ​អភិឌ្ឍ​ប្រកបដោយ​ចីរភាព កាត់បន្ថយ​ភាពក្រីក្រ និង​ធានា​សមភាព​រវាង​អ្នក​រង​ផលប៉ះពាល់ និង​អ្នក​ទទួល​ផល​ពី​ការអនុវត្ត​គម្រោង​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×