ភ្នំពេញ៖ មន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា បើមិនមានអ្វីប្រែប្រួលនោះទេ ក្រុមហ៊ុន KrisEnergy នឹងនាំចេញប្រេងកាតរបស់កម្ពុជា ដែលបាននិងកំពុងដំណើរការបូមជាប្រចាំរៀងរាល់ថ្ងៃ នៅអណ្តូរអប្សរា ក្នុងប្លុក A ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែឧសភា ឆ្នាំ២០២១នេះហើយ។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការនាំចេញប្រេង ឆៅជាលើកដំបូង និងជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសកម្ពុជានេះ ក្រុមហ៊ុន របស់សិង្ហបុរី KrisEnergy នឹងនាំចេញប្រេងឆៅ ទៅលក់នៅលើទីផ្សារអន្តរជាតិ ក្នុងអំឡុងខែឧសភានេះ។ លោកបន្តថា ចំពោះដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអាចនឹងនាំចេញប្រេងឆៅ ក្នុងបរិមាណចន្លោះពី២៧ម៉ឺនបារ៉ែល ទៅ៣០ម៉ឺនបារ៉ែល ហើយបរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាមការវាស់វែងជាក់ស្តែង។ (១បារ៉ែល ស្មើនឹង ១៥៨.៩៩លីត្រ)។ ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញប្រេងឆៅលើកដំបូងរបស់កម្ពុជានេះ នៅមិនទាន់អាចបញ្ជាក់បាននោះទេថា នឹងត្រូវដឹកទៅកាន់ទីផ្សារប្រទេសណា ហើយលក់ក្នុងតម្លៃប៉ុន្មាន ព្រោះត្រូវពិនិត្យទៅតាមស្ថានភាពជាក់ស្ដែង ។

គួររំលឹកថា ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធានចំណូលថ្មីមួយ ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ ចំណូលដែលទទួលបានពីវិស័យប្រេងនេះ នឹងត្រូវផ្តល់ ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាលជាអាទិភាព។ កន្លងទៅមានការលើកឡើងថា អណ្តូងប្រេងកាតចំនួន៥ ក្នុងប្លុក A តំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញជាបន្តបន្ទាប់ ដោយទទួលបានប្រមាណ ២០០០បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ៕ រក្សាសិទ្ធិដោយ ៖ CEN

