Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខរបរ​ចិញ្ចឹម​មាន់​ស្រែ តាម​បច្ចេកទេស​ថ្មី ទទួលបាន​ទិន្នផល​ខ្ពស់​ចំណេញ​ច្រើន និង​ចំណាយ​ដើមទុន​តិច​

ខេត្ត​ប៉ៃលិន ៖ ការចាប់យក​មុខរប​រ​ចិញ្ចឹម​មាន់​ស្រែ តាម​លក្ខណៈ​បច្ចេកទេស​ថ្មី ធ្វើឱ្យ​កសិករ​ដែល​ចិញ្ចឹម ទទួល បាន​ទិន្នផល​ខ្ពស់ ចំណេញ​ច្រើន និង​ប្រើប្រាស់​ដើមទុន​តិច​ទៀតផង​។ កសិករ​ម្នាក់ រស់នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ចាប់យក​មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​បន្ថែម ដោយ​ប្រើប្រាស់​ដើមទុន​តិច​ក្នុង​ការទិញ​ចំណី បូករួម​ជាមួយនឹង​បច្ចេកទេស​ផលិត​ចំណី​ធម្មជាតិ​ទៀត ធ្វើឱ្យ​ការប្រមូល​ផល​លក់​ម្តងៗ ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក ចាន់ រក្សា កសិករ​ចិញ្ចឹម​មាន់​ស្រែ បានឱ្យដឹងថា រយ​:​ពេល​ជិត​១​ឆ្នាំ​មកហើយ រហូតមកដល់​ពេលនេះ ដែល​លោក​បាន​ចិញ្ចឹម​មាន់​ស្រែ ប្រភេទ​មាន់​ស្គួយ មាន​សាច់​ណែន និង​ជើង​លឿង ដោយ​ចាប់​លក់បាន​រយ​:​ពេល​៣​ដង​មកហើយ​។​

លោក​បាន​ប្រើ​ចំណី​ជា​របៀប​ធម្មជាតិ ដោយមាន​ពោតក្រហម កិន​លាយ​ជាមួយ​ដើម​ស្មៅ ដែល​ការ​លាយ​ផ្សំ​នេះ មានតម្លៃ​ថោក​បំផុត ១​គីឡូក្រាម អស់​ត្រឹមតែ​៤០០​ទៅ​៥០០​រៀល ប៉ុណ្ណោះ រីឯ​ចំណី​ទិញ​នៅ​ទីផ្សារ ក្នុង​១​គីឡូក្រាម ត្រូវ​ចំណាយ​អស់​២០០០​ទៅ​២៥០០​រៀល​ឯណោះ​។ ដូចនេះ​ការផលិត​ចំណី​ខ្លួនឯង​ធ្វើឱ្យ​ចំណាយ ដើមទុន​តិច តែ​ចំណេញ​ច្រើន​។ ជាមួយគ្នានេះ លោក​ក៏បាន​សំនូមពរ ដល់​មន្ទីរ​កសិកម្ម​ខេត្ត បន្ត​ចុះទៅ​បង្រៀន​ពី​របៀប​ថែទាំ និង​បច្ចេកទេស​ចិញ្ចឹម​មាន់​ស្រែ​បន្ថែមទៀត ព្រមទាំង​ជួយ​រក​ទីផ្សារ​លក់ដូរ​ផងដែរ ពីព្រោះថា​ការលក់ដូរ​នាបច្ចុប្បន្ន​នេះ មិនទាន់មាន​ទីផ្សារ​ទូ​លំ​ទូលាយ​នៅឡើយ​ទេ​។​

​គួររម្លឹកថា ស្ថិតក្នុង​បរិបទ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​នេះ អាជ្ញាធរ​មូលដ្ឋាន បាន​លើកទឹកចិត្ត ដល់ ប្រជា កសិករ ឱ្យ បន្ថែម មុខរបរ​ចិញ្ចឹម​មាន់​ស្រែ ដើម្បី​ជួយ​ដល់​ស្ថានភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ជីវភាព​កាន់តែ​ប្រសើរ ពីព្រោះថា​មាន់​ស្រែ​នេះ ក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល មិនទាន់មាន​ការផ្គត់ផ្គង់ គ្រប​គ្រាន់​នៅឡើយ​ទេ​៕​ រក្សាសិទ្ធិដោយ ៖ CEN

×