ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា នៅក្នុងរយៈពេល៤ ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ ប្រមាណជាង ១៦ ម៉ឺន ៦ពាន់តោន ទៅទីផ្សារក្រៅប្រទេស ក្នុងនោះផ្លែចេកស្រស់ជាង ១៤ម៉ឺន ៤ពាន់តោន បាននាំចេញទៅកាន់ប្រទេសចិន។

ទោះបីស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ក៏កម្ពុជានៅតែសម្រេចការនាំចេញផលិតផលកសិកម្ម ក្នុងកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ជាក់ស្តែងរយៈពេល៤ ខែដើមឆ្នាំ២០២១នេះ កម្ពុជាសម្រេចការនាំចេញផលិតផលកសិកម្ម ក្នុងបរិមាណនាំចេញសរុបជាង ៣លាន ៨សែនតោន ជាមួយនឹងទឹកប្រាក់សរុបជាង ២ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា កសិផលសំខាន់ៗ ដែលកម្ពុជានាំចេញ រួមមានផលិតផលអង្ករ ត្រូវបាននាំចេញក្នុងបរិមាណសរុបជាង ១៩ម៉ឺនតោន ស្រូវនាំចេញជាង ១លានតោន ខណៈផលិតផលកសិផលក្រៅពីអង្ករ និងស្រូវមានចំនួនជាង ២លាន ៨សែនតោន ដែលគិតជាតម្លៃនៃការនាំចេញសរុប ជិត២ពាន់លានដុល្លារ ក្នុងនោះតម្លៃនាំចេញអង្ករជាង ១៦១លានដុល្លារ ខណៈដែលស្រូវមានតម្លៃជាង ២២១លានដុល្លារ និងផលិតផលក្រៅពីអង្ករ និងស្រូវមានតម្លៃជាង ១ពាន់ ៥០០លានដុល្លារ៕ រក្សាសិទ្ធិដោយ ៖ CEN


