ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសរបស់នាយកដ្ឋាន ជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា ផ្សារ 7 Eleven ដែលមានវត្តមានជាច្រើននៅប្រទេសថៃ គ្រោងនឹងបើកដំណើរការជាលើកដំបូង នៅស្ថានីយ៍ប្រេងឥន្ឋនៈ ក្នុងខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ក្រុមការងារ កំពុងបញ្ចប់ការសាងសង់ និងការតុបតែងផ្នែកខាងក្នុង ដើម្បីឱ្យ ផ្សារ 7-Eleven មួយនេះ នឹងបើកតាមផែនការ។ ការឈានជើងមកចាប់យកចំណែកទីផ្សារនៅកម្ពុជា របស់ផ្សារ 7 Elevenនេះ ទទួលជោគជ័យកម្រិតណាគឺនៅមិនទាន់ដឹងនៅឡើយទេ គឺអ្វីៗទាំងអស់នឹងបង្ហាញជាលទ្ឋផល នៅពេលផ្សារមួយនេះបើកដំណើរការនៅខែកក្កដាខាងមុខ។

អ្នកជំនាញទីផ្សារ បានលើកឡើងថា ការចាប់យកចំណែកទីផ្សាររបស់ 7 Eleven នៅកម្ពុជានេះ ក៏អាច នឹងទទួលបានជោគជ័យផងដែរ ដោយ សារតែសព្វថ្ងៃនេះ ប្រជាជនកម្ពុជា ដែលមានជីវភាពធូរធារ កំពុងមាននិន្នាការ ពេញនិយមទិញទំនិញ ពីផ្សារទំនើប ដោយសារតែពួកគេ ផ្តល់ទំនុកចិត្តខ្ពស់ លើតម្លៃសេវាកម្ម គុណភាព និងទីកន្លែង ។
ក្រុមហ៊ុនដ៏ធំរបស់ថៃឈ្មោះ CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារមួយនេះ បានបញ្ជូនបុគ្គលិកជាន់ខ្ពស់ ពីប្រទេសថៃ មកប្រទេសកម្ពុជាហើយ ខណៈនេះកំពុងជ្រើសរើសបុគ្គលិក ក្នុងស្រុកជាច្រើននាក់បន្ថែមទៀត។

សូមជម្រាបថា កន្លងទៅ ក្រុមហ៊ុន CP ALL Plc ដែលជាប្រតិបត្តិករហាងទំនិញ លក់រាយធំជាងគេ នៅប្រទេសថៃ បាន ប្រកាសផ្អាកផែនការរបស់ខ្លួន ក្នុងការបើកដំណើរការផ្សារម៉ាត 7-Eleven នៅប្រទេសកម្ពុជា និងឡាវ រួចមកហើយ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ ១៩៕ រក្សាសិទ្ធិដោយ៖CEN