ភ្នំពេញ ៖ បន្ទាប់ពីការនាំចូលផលិតផលពីសហរដ្ឋអាមេរិកមកកាន់ទីផ្សារកម្ពុជា បានធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០២០កន្លងទៅនោះ នៅពេលនេះការនាំចូលផលិតផលពីអាមេរិកមកកាន់ទីផ្សារកម្ពុជា បានចាប់ផ្តើមកើនឡើងវិញហើយ។
យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា នៅត្រីមាសទី១ឆ្នាំ២០២១នេះ ការនាំចូលផលិតផលគ្រប់ប្រភេទពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាបានកើនឡើងវិញក្នុងអត្រាដល់ទៅ២៥%ឯណោះ ធៀបនឹងការនាំចូលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិក រយៈពេល១ឆ្នាំពេញកាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាបាននាំចូលផលិតផលគ្រប់ប្រភេទពីសហរដ្ឋអាមេរិក បានធ្លាក់ចុះក្នុងអត្រាប្រមាណ៣៣%។ តែទោះជាយ៉ាងណា នៅត្រីមាសទី១ឆ្នាំ២០២១នេះវិញ ប្រទេសកម្ពុជាបាននាំចូលផលិតផល ពីអាមេរិកបានកើនឡើងដល់ទៅទឹកប្រាក់ជាង១០៦លានដុល្លារ ដោយបានកើនឡើងពីទឹកប្រាក់៨៥លានដុល្លារ ធៀបក្នុងត្រីមាសទី១ដូចគ្នាកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា ភាគច្រើននៃទំនិញដែលកម្ពុជានាំចូលពីអាមេរិក គឺជាប្រភេទទំនិញប្រណិតៗមានតំលៃខ្ពស់ដូចជា ផលិតផលរថយន្ត គ្រឿងម៉ាស៊ីន គ្រឿងចក្រ ផលិតផលអេឡិចត្រូនិក និងផលិតផលចំណីសត្វជាដើម៕រក្សាសិទ្ធិដោយ៖CEN




