Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យសំណង់ខេត្តកំពត មានសន្ទុះកើនឡើង នៅឆ្នាំ២០២១

ខេត្តកំពត ៖ បើទោះបីជាស្ថិត ក្នុងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏វិស័យសំណង់នៅខេត្តកំពតក្នុងឆ្នាំ២០២១ បានបង្ហាញថា វិស័យសំណង់ខេត្តកំពត នៅតែមានសន្ទុះទៅមុខជានិច្ច បើគិតត្រឹមរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២១ នេះ ការចេញលិខិតអនុញ្ញាតសាងសង់ និងទំហំទឹកប្រាក់វិនិយោគលើវិស័យសំណង់គឺស្មើនឹងពាក់កណ្តាលឆ្នាំ២០២០។

លោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ទោះស្ថិតក្នុងស្ថានភាពកូវីដ-១៩ វិស័យសំណង់ក្នុងខេត្ត នៅតែបន្តដំណើរការ ដោយការដ្ឋាន ដែលបានស្នើសុំលិខិតអនុញ្ញាតសាងសង់ ពីសមត្ថកិច្ចទាំងបី (ក្រុងស្រុក ខេត្ត និងក្រសួង) បើគិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២១ មានចំនួន ១៣៣ការដ្ឋាន (គ្មានច្បាប់ចំនួន ៨ ការដ្ឋាន) គិតជាទុនវិនិយោគសរុបចំនួន ១៨,១០៥,៥៥០ដុល្លារ បើប្រៀបធៀបឆ្នាំ២០២០ ការដ្ឋានសំណង់ពេញមួយឆ្នាំមានចំនួន ២៩៩គម្រោង ដែលមានទុនវិនិយោគសរុប ៣៧,១៦៤,៩០០ដុល្លា។

លោកបន្តថា គិតមកដល់ពេលនេះ មិនមានការដ្ឋានសំណង់ណាមួយបានផ្អាកការសាងសង់ ឬបិទការ ដ្ឋានដោយសារកូវីដ-១៩នោះទេ។ ចំណែកឯការចូលរួមអនុវត្តច្បាប់សាងសង់ក៏ល្អប្រសើរ ការដ្ឋានសំណង់ស្ទើរមួយរយភាគរយ មានលិខិតសុំច្បាប់អនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់។

លោកអនុប្រធានមន្ទីរបានឱ្យដឹងទៀតថា ការរីកចម្រើននៃវិស័យសំណង់នេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ និងឈ្លាសវៃក្នុងការដឹកនាំរបស់រដ្ឋបាលខេត្តកំពត, រចនាសម្ព័ន្ធក្នុងខេត្តកំពត មានការអភិវឌ្ឍច្រើនជាងមុន, បរិស្ថាននៅល្អប្រសើរស្រស់បំព្រង ប្រកបដោយភាពទាក់ទាញ, មានតំបន់ទេសចរច្រើនកន្លែង ទាំងធម្មជាតិ និងកែឆ្នៃ សម្បូរភោគផលធម្មជាតិ និងវប្បធម៌, មានការអភិវឌ្ឍវិស័យអចលនទ្រព្យ និងជាខេត្តជាប់នឹងមាត់សមុទ្រផងដែរ។

សូមបញ្ជាក់ថា ការផ្តល់សេវាលើវិស័យសំណង់មានបីសមត្ថកិច្ចគឺ សមត្ថកិច្ចរដ្ឋបាលក្រុង-ស្រុក ទំហំផ្ទៃក្រោម ៥០០ម៉ែត្រការ៉េ, សមត្ថកិច្ចរដ្ឋបាលខេត្តចាប់ពីទំហំលើស ៥០០ ដល់ ៣០០០ម៉ែត្រការ៉េ និងសមត្ថកិច្ចក្រសួងចាប់ពីទំហំផ្ទៃលើសពី ៣០០០ម៉ែត្រការ៉េ ឡើងទៅ៕រក្សាសិទ្ធិដោយ៖CEN

×