ភ្នំពេញ ៖ បើទោះបីជារងនូវផលប៉ះពាល់នៃវិបិត្តជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏នៅដើមឆ្នាំ២០២១នេះ គេសង្កេតឃើញថា ការជួញដូរក្នុងផ្សារមូលបត្រកម្ពុជា នៅតែបន្តសកម្មភាពដដែល។ ប៉ុន្ដែទន្ទឹមនឹងនោះ អ្នកជំនាញ បានលើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួនថា បើសិនជាវិបិត្តជំងឺកូវីដ-១៩នេះ នៅតែបន្ដរាតត្បាត និងអូសបន្លាយពេលយូរតទៅទៀតនោះ ចង់ ឬមិនចង់ វិស័យមូលបត្រ នឹងប៉ះពាល់ដល់ការទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីៗ នៅឆ្នាំនេះបន្តទៀត។

ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា បញ្ហាកូវីដ-១៩ នេះ នៅតែជាក្ដីព្រួយបារម្ភ ចំពោះដំណើរការនៃការចុះបញ្ជីក្រុមហ៊ុនថ្មីៗ ដែលយ៉ាងហោចណាស់ ក៏រំពឹងថាមាន៥ ក្រុមហ៊ុន នឹងចុះបញ្ជី នៅឆ្នាំនេះ តែបើជំងឺនេះ នៅតែបន្ត វាអាចនឹងអូសបន្លាយដល់ឆ្នាំក្រោយទៀត។
ឯកឧត្តម បានបន្តថា ការរាតត្បាតនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនបានធ្វើឲ្យប៉ះ ពាល់ដល់ចរន្ដជួញដូរផ្សារមូលបត្រកម្ពុជានោះទេ ប៉ុន្តែបែរជាមានការកើនឡើងគួរឱ្យកត់សម្គាល់ទៅវិញ។

ឯកឧត្តមបញ្ជាក់ថា ជាក់ស្តែង នៅត្រីមាសទី១ឆ្នាំ២០២១នេះ ទំហំជួញដូរភាគហ៊ុនជាមធ្យម ក្នុងមួយថ្ងៃបានកើនឡើងជាង៨០០% ដែលមានទឹកប្រាក់ដល់ទៅជាង ១៤ម៉ឺនដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានត្រឹមតែ ជាង ១ម៉ឺន៥ពាន់ដុល្លារតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនចុះបញ្ជីផ្សារមូលបត្រកម្ពុជាចំនួន៩ហើយ ដែលបានបង្ហាញរបាយការណ៍ ប្រាក់ចំណេញរបស់ខ្លួន ប្រចាំត្រីមាសទី១នៃឆ្នាំ២០២១នេះ ខណៈដែលក្រុមហ៊ុន៤ផ្សេងទៀត បានស្នើសុំដល់និយ័តករកម្ពុជា ដើម្បីពន្យារពេល ដោយសារតែបញ្ហាកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖CEN