Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រកចំណូល បានជិត ២០០លានដុល្លារ ពីការនាំចេញកង់

ភ្នំពេញ ៖ បើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា កម្ពុជា រកចំណូលបានជិត ២០០លានដុល្លារ ពីការនាំចេញកង់ ដែលចំណូលនេះ បានកើនឡើងជាង ៣២% បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំ២០២០ ដែលមានចំនួនជាង ១៥០លានដុល្លារ បើគិតក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ ពោលគឺគិតចាប់ពីខែមករា ដល់ខែមេសា។

របាយការណ៍ដ៏ដែលនេះ បានឲ្យដឹងទៀតថា ដោយឡែកការនាំចេញគ្រឿងបន្លាស់កង់ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះដែរ ប្រទេសកម្ពុជា រកចំណូលបានជាង ៣៧ម៉ឺនដុល្លារ កើនឡើងដល់ជាង ១១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៧ម៉ឺនដុល្លារ។
ឆ្នាំ២០២០កន្លងទៅ កម្ពុជា ទទួលបានប្រាក់ចំណូល ពីការនាំចេញកង់ សរុបចំនួនជាង ៥០០លានដុល្លារ កើនឡើង ២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ បានប្រាប់បណ្តាញព័ត៌មានថា ការនាំចេញកង់ពីប្រទេសកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ ដែលមានន័យថា ទោះបីជួប វិបត្តិកូវីដ-១៩ ក៏ដោយ ក៏ការនាំចេញកង់នៅតែជំនះបានឧបសគ្គនេះ។

ឯកឧត្តម បានគូសបញ្ជាក់ថា កំណើននៃការនាំចេញកង់ ពីប្រទេសកម្ពុជានេះ ដោយកត្ដាសំខាន់ៗ ចំនួន៣រួមមាន៖ ការអំពាវនាវពី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឲ្យអ្នកបញ្ជាទិញ នៅតែបញ្ជាទិញទំនិញពីកម្ពុជា ភាពជឿទុកចិត្ត ពីអ្នកបញ្ជាទិញ និងកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស នាំចេញកង់ច្រើន ដោយមានទីផ្សារទូលំទូលាយ។

គួរបញ្ជាក់ថា ទីផ្សារគោលដៅ ដែលកម្ពុជានាំចេញកង់ រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដាដើម៕ រក្សាសិទ្ធិដោយ៖CEN

×