ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងផែនការ បានដឹកនាំកិច្ចប្រជុំជាមួយអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដើម្បីពន្លឿន និងជំរុញការប្រមូលទិន្នន័យ សម្រាប់អនុវត្តកម្មវិធី “ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់” ឱ្យបានត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជាកំណត់។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងផែនការ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានដឹកនាំកិច្ចប្រជុំ ជាមួយអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ០២៣ សហវ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយ ពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង មានការលំបាកផ្នែកជីវភាព និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ឱ្យបានតាមពេលវេលាកំណត់។

អ្នកនាំពាក្យក្រសួងផែនការ លោកស្រី ដា បានមានប្រសាសន៍ថា គោលបំណងធំ នៃកិច្ចប្រជុំដើម្បីសម្រួលជីវភាព រស់នៅរបស់ប្រជាជន ដែលជានិច្ចកាលជាការគិតគូររបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ មេត្តាជួយសម្របសម្រួល និង ណែនាំបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ដូចជា អភិបាលខណ្ឌ ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីពន្លឿន ការកំណត់អត្តសញ្ញាណគ្រួសារគោលដៅ និង កំណត់អត្តសញ្ញាណគ្រួសារដែលឆ្លងជំងឺកូវីត-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យចប់សព្វគ្រប់ ច្បាស់លាស់ មានតម្លាភាពសម្រាប់ប្រជាជន តាមពេលវេលាកំណត់ ត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ ដើម្បីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកទិន្នន័យនេះសម្រាប់គណនាថវិកា និងបើផ្តល់ថវិកា ជូនគ្រួសារដែលបានសម្ភាសន៍ជាប់ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងផែនការបានបញ្ជាក់ថា មកដល់ថ្ងៃនេះ ក្រសួងផែនការ បានសហការជិតស្និទ្ធ ជាមួយសាលារាជធានីភ្នំពេញ និងខេត្តទាំង២ ដោយបានរៀបចំរចនាសម្ព័ន្ធ សម្រាប់អនុវត្ត និងដំណើរការកំណត់អត្តសញ្ញាណគ្រួសារគោលដៅ និង បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។ យន្តការនៃការអនុវត្ត គឺ ប្រើប្រាស់យន្តការ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំ ដែលមានស្រាប់នៅតាមឃុំ សង្កាត់ និង ដោយទទួលបាន ការអនុញ្ញាតពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គឺយើងបានបន្ថែមកម្លាំង ស.ស.យ.ក. សម្រាប់ធ្វើការសម្ភាសន៍គ្រួសារគោលដៅ នៅតាមភូមិនានា ដោយការការសម្ភាសន៍ និងប្រមូលទិន្នន័យ តាមរយៈថេប្លេត ឬ ទូរសព្ទដៃ។ ការសម្ភាសន៍ ដោយប្រើប្រាស់ទូរសព្ទដៃ សម្រាប់តំបន់ដែលមានហានិភ័យខ្ពស់ ដូចជា តំបន់លឿងទុំ និងក្រហម។ ក្រៅពីតំបន់បិទខ្ទប់ទាំង៣ (រាជធានីភ្នំពេញ, ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ) នៅតាមបណ្តាខេត្តចំនួន២២ រួមទាំងស្រុកមួយចំនួនរបស់ខេត្ត កណ្តាល និងខេត្តព្រះសីហនុ ក្នុងសេចក្តីសម្រេចខាងលើ ក៏បានកំណត់ឱ្យក្រសួងផែនការ ធ្វើការអត្តសញ្ញាណគ្រួសារ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ៕ រក្សាសិទ្ធិដោយ : ចេស្តារ

