ភ្នំពេញ ៖ បើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងចំណោមគោលដៅទីផ្សារៗធំ របស់កម្ពុជាទាំង១៣ សហរដ្ឋអាមេរិក នៅតែជាចំណែកទីផ្សារ នាំចេញដ៏ធំជាងគេរបស់កម្ពុជា ដែលមានរហូតដល់ជិត ២ពាន់លានដុល្លារ និងតាមពីក្រោយ ដោយទីផ្សារសហភាពអឺរ៉ុប ដែលមានតែជិត ១ពាន់លានដុល្លារ និងទីផ្សារប្រទេសចិន មានជាង ៤០០លានដុល្លារប៉ុណ្ណោះ។

ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញរបស់កម្ពុជានោះទេ។ ជាក់ស្តែងរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងរយៈពេល ៤ខែក្នុងឆ្នាំ២០២១ កម្ពុជា សម្រេចបានការនាំចេញទំនិញ ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់ ៨០០លានដុល្លារអាមេរិក កើនឡើងជិត១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ដែលសម្រេចបានជាង ៤ពាន់៤០០លានដុល្លារ ។ ដោយឡែករយៈពេល ៤ខែក្នុងឆ្នាំ ២០២១ដូចគ្នា ការនាំចូលរបស់កម្ពុជា មានទឹកប្រាក់រហូតដល់ជាង៩ពាន់ ៥០០ លានដុល្លារអាមេរិក កើនឡើងជាង ៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែជាង ៦ពាន់លានដុល្លារប៉ុណ្ណោះ។
កាលពីឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានជាង ៣៥ពាន់លានដុល្លារអាមេរិក កើនឡើង ២,៥៤% បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះ ការនាំចេញ មានជាង ១៧ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៧% និងការនាំចូលមានជាង ១៨ពាន់លានដុល្លារអាមេរិក ថយចុះជិត ៨% បើប្រៀបធៀបនឹងឆ្នាំ២០១៩។
គួរបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញភាគច្រើន រួមមាន ផលិតផលវានភណ្ឌកាត់ដេរ ផលិតផលកសិកម្ម គ្រឿងបង្គុំអេឡិចត្រូនិក កង់ និងផលិផលជាផ្សេងទៀត៕ក្សាសិទ្ធិដោយ៖CEN