កំពង់ធំ៖ ក្រុមគ្រួសារអតីតយុទ្ធជនពលី អតីតយុទ្ធជនពិការ អតីតយុទ្ធជនចូលសោធមនិវត្តន៍ ដែលមានជីវភាពលំបាកខ្វះខាត គ្មានដីគ្មានផ្ទះ និងពុំមានលទ្ធភាពសាងសង់លំនៅដ្ឋានបានសមរម្យ ដែលមានចំនួន ១៤០គ្រួសារ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលដី និងលំនៅដ្ឋាន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានីហ៊ុនសែន ដោយផ្តល់ផ្ទះមួយខ្នងមួយគ្រួសារ និងដី១,៥ហិចតា សម្រាប់ប្រកបអាជីវកម្មដាំដំណាំបន្លែបង្កា និងដើម្បីចិញ្ចឹមក្រុមគ្រួសារ។

ឯកឧត្តម គន់ គីម អនុប្រធានអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា នេះជាថ្ងៃប្រវត្តិសាស្ត្រដែលត្រូវកត់ត្រាទុកសម្រាប់អតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលត្រូវបានទទួលសម្បទានដីសង្គមកិច្ច និងផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន។
ឯកឧត្តម បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានគិតគូរគ្រប់សព្វបែបយ៉ាងមកលើអតីតយុទ្ធជន និងប្រជាជនជាធំ ដោយផ្តល់វ៉ាក់សាំងសម្រាប់សុខភាពអតីតយុទ្ធជន ដែលលុយមិនអាចទិញបាន តែត្រូវចូលរួមការ ពារឲ្យបាន ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា គោរពវិធានការ ៣កុំ ៣ការពារចំណែក ដីត្រូវបានបែងចែកជូនអតីតយុទ្ធជន ត្រឹមតែ៥០ភាគរយ ចំណែក៥០ភាគរយទៀត និងរក្សាជូនអ្នកប៉ះពាល់ ដោយគណកម្មការដោះស្រាយជូនអ្នកដែលមានជីវភាពក្រីក្រ ។


លោកឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ថ្ងៃនេះ ខេត្តកំពង់ធំ ពិតជាមានមោទនភាពខ្លាំងណាស់ ដែលជាប្រវត្តិសាស្ត្រ សម្រាប់អតីតយុទ្ធជនកម្ពុជា ទទួលមានសិទ្ធិក្នុងការចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច ចំនួន១៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង ដែលមានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ រួមទាំងដីសម្រាប់បង្ករបង្កើនផល ១៥០០០ម៉ែត្រការ៉េ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ CEN

