Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សស្រី​ចំណាត់ថ្នាក់​លេខ​១ អក្សរសាស្ត្រ​ខ្មែរ ប្រចាំ​ខេត្ត​មណ្ឌលគិរី កំពុង​ប្រឈម​បញ្ហា​ជីវភាព

ខេត្ត​មណ្ឌលគិរី​៖ កូនសិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខាង​អក្សរសាស្ត្រ​ខ្មែរ ប្រចាំ​ខេត្ត​មណ្ឌលគិរី កំពុង​ជួប​បញ្ហា​ជីវភាព​ទី​ទល់​ក្រ​យ៉ាងខ្លាំង ដែល​បច្ចុប្បន្ន​គាត់​រស់នៅ​ក្នុង​ផ្ទះ ឬ​ខ្ទម​ធ្លុះធ្លាយ​ដំបូល​រហែក​តូច​មួយ​នៅ ភូមិ​ពូ​រ៉ាដែត ឃុំ ស្រែ​ពូ​ម ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។​

តាមរយៈ លោកនាយក​សាលា​អនុវិទ្យាល័យ​អូតរ​ផ្លាយ លោក ប៉ាល់ សិនេ ឲ្យដឹងថា កូនសិស្ស​ស្រី​ម្នាក់​នេះ មានឈ្មោះ ថន រដ្ឋា រៀន​នៅ​ថ្នាក់​ទី​៩ នៃ​អនុវិទ្យាល័យ​អូរ​ផ្លាយ​។ លោកគ្រូ​បន្តថា សិស្ស​ម្នាក់​នេះ ជា​សិស្ស​ឧស្សាហ៍​ព្យាយាម​ក្នុង​ការរៀនសូត្រ ហើយ​ជា​សិស្សស្រី​ដ៏​ឆ្នើម​នៅ​អនុវិទ្យាល័យ​នេះ និង​ជា​សិស្ស​ពូកែ ខាង​អក្សរសាស្ត្រ​ខ្មែរ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ប្រចាំ​ខេត្ត​មណ្ឌលគិរី ដែល​ទើប​ប្រលង​ថ្មីៗ​នេះ ក្នុងចំណោម​បេក្ខជន​ជាង ៥០០​នាក់​ទៀត​ផង និង​ត្រៀម​ទៅ​ប្រលង​ថ្នាក់​ជាតិ​ជា​បន្ត​ទៀត នៅឯ​ខេត្ត​កំពុងចាម នាពេលខាងមុខ​។ លោក​បន្តថា បច្ចុប្បន្ន​កូនសិស្ស​ឈ្មោះ ថន រដ្ឋា កំពុង​ជួប​បញ្ហា​ជីវភាព​ជាខ្លាំង ដោយ​ក្រុម​គ្រួសារ​ស្ទើរ​ពុំមាន​លទ្ធភាព ដើម្បី​អោយ​កូន​បន្ត​ការ​សិក្សា​ទៅ​ហើយ​។ លោកគ្រូ​បន្តថា ក្រុមគ្រួសារ សិស្ស​ស្រី​ម្នាក់​នេះ ពុំ​មាន​មុខរបរ​សម​រម្យ​នោះទេ គឺ​ក្រុម​គ្រួសារ​គាត់ ដើរ​ស៊ី​ឈ្មួញ​គេ គ្រាន់​បាន​កម្រៃ​បន្តិចបន្តួច ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ សម្រាប់​តែ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។​

លោក សេង ថន និង​អ្នកស្រី ទឹង រេ​ន ជា​ឪពុក​ម្ដាយ ក្មេងស្រី​ខាងលើ​បាន​រៀបរាប់​ថា គាត់​មានកូន​ចំនួន ២​នាក់ ស្រី​១ ប្រុស​១ សព្វថ្ងៃ​ប្រកប​របរ​ដើរ​ស៊ីឈ្មួល​គេ ដូចជា ដក​ដំឡូង សំអាត​ស្មៅ ប៉េះ​ម្រេច ដោយ​ទទួល​បាន​កម្រៃ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ក្រៅ​ពី​ការងារ​ស៊ីឈ្នួល​គេ ពួកគាត់​បាន​ដើរ​រើស ធ្យូង ដែល​សេសសល់​ពី​ការដុត​ចំការ របស់​អ្នកភូមិ យកទៅលក់ ដើម្បី​បាន​ប្រាក់​អោយ​កូន​បាន​ទៅ​រៀន​។ លោក​ឲ្យដឹង​ទៀតថា ទោះបីជា​ជីវភាព របស់​ក្រុម​ប្រចាំ​ថ្ងៃ​គ្រួសារ​ដុនដាប​យ៉ាងណា ក៏​លោក​មិន​អោយ​កូន​ឈប់​ពី​ការសិក្សា​នោះ​ទេ​។ លោក​ថា បច្ចុប្បន្ន​គាត់​គ្មាន​ផ្ទះសំបែង​រស់នៅ​ឲ្យបាន​សម​រម្យទេ ដោយ រស់​នៅក្នុង​ខ្ទម​តូច​ដំបូល​ធ្លុះធ្លាយ ដែល​គាត់​សុំ​ដី​អ្នកស្រុក​ជិតខាង ដើម្បី​សង​ខ្ទម​នេះ​រស់នៅ​។​

គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ ក្រុមការងារ​របស់​រដ្ឋា​បាលសាលា​ខេត្តមណ្ឌលគិរី ក៏​បាន​នាំ​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល និង​ថវិកា ១០​ម៉ឺន​រៀល​ទៀត របស់​ភ្ញាក់​ងារ TV​ហង្ស​មាស​ខេត្ត​មណ្ឌលគិរី យក​ទៅ​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​ប្អូនស្រី​ជា​សិស្ស​ពូកែ​លេខ​១ មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ ប្រចាំ​ខេត្ត​មណ្ឌលគិរី ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​រយៈពេល​ខ្លី​។ យ៉ាងនេះក្តី ក្រុមគ្រួសារ​កុមារី​ខាងលើនេះ បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយ​ឧបត្ថម ជាពិសេស បើ​ត្រូវការ​កំលាំង​ពលកម្ម ស្នើ​ផ្តល់​ឱកាស​ការងារ​ដល់​រូបគាត់ ឬ​ជួល​ពួកគាត់​ទៅ​ធ្វើការ​អោយ ដើម្បី​ការងារ​ធ្វើ បាន​កម្រៃ​ខ្លះ ដើម្បី​ផ្គត់​ផ្គង​កូន​រៀន​ផង និង​សម្រាប់​ចិញ្ចឹម​ជីវិត​គ្រួសារ​ផងដែរ​។ ចំណែក កុមារី ឈ្មោះ ថន រដ្ឋា ដែល​ជា​សិស្ស​ពូកែ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែ ប្រចាំ​ខេត្ត​មណ្ឌលគិរី ក៏​បានឲ្យ​ដឹង​ដែរថា ក្រៅ​អំពី​មាន​ជីវភាព​ខ្វះខាត រូបគេ​ក៏​ចង់​មាន​កង់​ជិះ​ទៅ​សាលារៀន ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​មួយ​គ្រឿង​ជា​ចាំបាច់​ដែរ ព្រោះ​កង់ របស់​ក្មួយ​ស្រី​ធ្លាប់​ជិះ​បាន​ខូច​ប្រើប្រាស់​លែងកើត​ទៀត​ហើយ​នៅពេលនេះ​៕ ដោយ​៖ សមុទ្រ​ឈើ​

×