Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ៖ វារីអគ្គិសនីសេសានក្រោម២ អាចផលិតថាមពលអគ្គិសនីបាន ១ភាគ៥ នៃទិន្នផលថាមពលអគ្គិសនីសរុបក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ កាលពី២ឆ្នាំមុន ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Huaneng របស់ចិន បានវិនិយោគរួមគ្នា ដោយសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង។ ហើយថ្មីៗនេះ គម្រោង ត្រូវបានបញ្ចប់ដោយជោគជ័យ និងទទួលបន្ទុកបន្តដោយអង្គភាពមជ្ឈមណ្ឌលជាតិបញ្ជូន។

វារីអគ្គិសនីសេសានក្រោម ២ ស្ថិតនៅឃុំភ្លុក ឃុំស្រែគ និងឃុំក្បាលរមាស ស្រុកសេសាន ដោយមានទំនប់ប្រវែង ៦,៥ គីឡូម៉ែត ដែលវែងបំផុតក្នុងទ្វីបអាស៊ី។

នៅថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០១៨ វារីអគ្គិសនីសេសានក្រោម២នេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឱ្យដឹងថា វារីអគ្គិសនីសេសានក្រោម២ ដែលជាវារីអគ្គិសនីធំជាងគេនៅកម្ពុជា នឹងជួយបង្កើនស្ថិរភាព និងភាពជឿជាក់នៃប្រព័ន្ធអគ្គិសនីរបស់កម្ពុជា។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ អ្នកឧកញ៉ា បានឱ្យដឹងថា “ក្រៅពីមានចំណាប់អារម្មណ៍ខ្លាំងលើ ផ្នែកឌីជីថល ខ្ញុំបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាងអនាគតមួយប្រកបដោយនិរន្តរភាព និងផ្តល់ជូននូវការរស់នៅល្អប្រសើរជាងមុន ដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងប្រទេស។ គន្លឹះមួយដើម្បីធានានិរន្តរភាពសង្គមរបស់យើង គឺការទាញយកអត្ថប្រយោជន៍ថាមពលពីទឹក ដែលយើងហៅថា វារីអគ្គិសនី”។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “ខ្ញុំមានមោទនភាពណាស់ដែលវារីអគ្គិសនីនេះ អាចផលិតថាមពលអគ្គិសនីបាន ១ភាគ៥ នៃទិន្នផលថាមពលអគ្គិសនីសរុបក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត វាគឺជាវារីអគ្គិសនីធំជាងគេនៅកម្ពុជា ហើយនឹងបង្កើនស្ថិរភាព និងភាពជឿជាក់នៃប្រព័ន្ធអគ្គិសនីរបស់យើង”។

អ្នកឧកញ៉ា បានចាត់ទុកថា នេះគឺជាសមិទ្ធផលមួយដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា និងប្រទេសជាតិ។ អ្នកឧកញ៉ា ក៏បានសូមសម្តែងការដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានគាំទ្រជារៀងរហូតមក។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួង រ៉ែ និងថាមពល ធ្លាប់បានលើកឡើងកន្លងទៅថា ការអភិវឌ្ឍគម្រោងវារីអគ្គិសនី សេសានក្រោម ២ នេះ វានឹងផ្តល់ផលប្រយោជន៍ជាច្រើន ជូនជាតិ តាមរយៈការបង្កើត មុខរបរដល់ប្រជាពលរដ្ឋបង្កើត ប្រាក់ចំណូល ពន្ធដារ ចូលរដ្ឋ និងសន្តិសុខ លើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា កាត់បន្ថយហានិភ័យ លើការផ្គត់ផ្គង់អគ្គិសនី ដែលពឹងផ្អែកលើការនាំចូលឥន្ធនៈ ដើម្បីផលិតអគ្គិសនី និងបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនផងដែរ ។

គួរបញ្ជាក់ថា ការអភិវឌ្ឍរមែងមានផលប៉ះពាល់ ប៉ុន្តែរាជរដ្ឋាភិបាល បានគិតគូរ និងសម្រេច ផ្ដល់សំណងដល់ ប្រជាពលរដ្ឋដែលបាន ប៉ះពាល់ពីការអភិវឌ្ឍវារីអគ្គិសនីនេះ ដោយបានផ្ដល់ជូនដីភូមិ ផ្ទះ ១ ខ្នង និងដីចំនួន ៥ ហិកតា ក្នុង ១ គ្រួសារ សម្រាប់បង្កបង្កើនផលដំណាំ ។ ការកសាងវារីអគ្គិសនី នៅតំបន់នោះ ប្រជាពលរដ្ឋបានគាំទ្រគម្រោង អភិវឌ្ឍន៍នេះ ប៉ុន្ដែនៅមានជនមួយចំនួនតូច បានបង្កនូវស្ថានភាពលំបាក ក្រោមរូបភាពការញុះញង់ពលរដ្ឋ និងដើរតវ៉ា គ្រប់កន្លែង ដើម្បីប្រយោជណ៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖CEN

×