Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើននាំចេញមាសរបស់កម្ពុជា ធ្វើឲ្យក្លាយជាទំនិញ នាំចេញដ៏សំខាន់របស់ប្រទេស

ភ្នំពេញ ៖ ស្របពេលដែលពិភពលោក កំពុងជួបវិបត្តិការរាតត្បាតនៃជំងឺកូវីដ១៩ បែជាឆ្នាំ ២០២០កន្លងទៅ ប្រទេសកម្ពុជា បាននាំចេញមាស កើនឡើងជិត ៧ដង ជាកំណត់ត្រាតួលេខខ្ពស់បំផុត ក្នុងការធ្វើពាណិជ្ជកម្មគ្រឿងអលង្ការមានតម្លៃ ដែលជំរុញដល់ការហក់ឡើងនៃតម្លៃមាសជាសកល។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បាននាំចេញមាស ក្នុងតម្លៃទឹកប្រាក់ ៣០១១លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៧៦ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ កំណើននេះ បានធ្វើឲ្យមាស ក្លាយជាទំនិញនាំចេញដ៏សំខាន់របស់កម្ពុជា កាលពីឆ្នាំមុន ដោយឈរនៅលំដាប់ថ្នាក់លេខពីរ គឺស្ថិតនៅក្រោយផលិតផលសម្លៀកបំពាក់តែមួយប៉ុណ្ណោះ ដែលឈរនៅលំដាប់ថ្នាក់កំពូលតារាងមានតម្លៃនាំចេញជាង ៧ពាន់លានដុល្លារអាមេរិក។

ប្រទេសកម្ពុជា បាននាំចេញមាសភាគច្រើនទៅកាន់ប្រទេស សិង្ហបុរី ថៃ សហរដ្ឋអាមេរិក វៀតណាម បែលហ្ស៊ិក ជប៉ុន អ៊ីតាលី និងនាំចេញទៅប្រទេសចិន។ បច្ចុប្បន្នប្រទេសកម្ពុជា មិនទាន់មានអាជីវកម្មចម្រាញ់រ៉ែមាសខ្នាតធំនៅឡើយទេ ខណៈមាសនាំចេញជាច្រើនត្រូវបានគេអះអាងថា មានប្រភពនាំចូលប្រទេស ថៃ សិង្ហបុរី កាណាដា បែលហ្ស៊ិក និងហុងកុង ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងធ្វើអាជីវកម្មនាំចេញបន្ត។ តម្លៃមាសនៅលើទីផ្សារពិភពលោកបច្ចុប្បន្ន ក្នុងមួយអោនស៍ថ្លៃប្រមាណ ១៨៨០ដុល្លារអាមេរិក ដោយមួយអោនស៍ គឺស្មើជាង ៨ជីមាស។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបាន និងកំពុងអភិវឌ្ឍន៍វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ខ្លួន និងទទួលបានឱកាសកាន់តែច្រើនជាងមុន បន្ទាប់ពីកម្ពុជាចូលទៅក្នុងប្រព័ន្ធពិភពលោក Kimberley process នៅចុងឆ្នាំ ២០១២ និងបូករួមនឹងការអនុគ្រោះពន្ធលើការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក កំពុងតែទាក់ទាញវិនិយោគិន ពីខាងក្រៅច្រើនឡើងឲ្យមកវិនិយោគលើការកែច្នៃត្បូង និងគ្រឿងអលង្ការមានតម្លៃ នៅប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖CEN

×