ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានអនុវត្តគម្រោងការបង្កើនភាពអង់អាចផ្នែសេដ្ឋកិច្ចដល់ស្រ្តី ក្នុងឧស្សាហកម្មបៃតង (EEWIGI) ដែលជាគម្រោងសាកល្បង ទទួលបានថវិកាពីរដ្ឋាភិបាលអាឡឺម៉ង ចាបានប់ផ្តើមតាំងពីឆ្នាំ២០២០មក ក្នុងគោលបំណង ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តី និងសហគ្រិនស្រ្តី ក្នុងការងារឧស្សាហកម្មបៃតង តាមរយៈដំណាក់កាលធំៗ ចំនួនពីរ។

ដំណាក់កាលទី១ ផ្តោតលើការលើកកម្ពស់ការយល់ដឹង និងគាំទ្រដល់ការរៀបចំ និងអនុវត្តគោលនយោបាយ និងកម្មវិធីនានា ពាក់ព័ន្ធនឹងការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ក្នុងឧស្សាហកម្មបៃតង និងដំណាក់កាលទី២ ផ្តោតលើការអនុវត្តគោលនយោបាយ និងកម្មវិធី។
រដ្ឋាភិបាលអាឡឺម៉ង បានផ្តល់ថវិការលើគម្រោងនេះ សម្រាប់៤ប្រទេស គឺកម្ពុជា, សេណេហ្កាល, ប៉េរូល និងអាហ្រ្វិកខាងត្បូង។ គម្រោងនេះ អនុវត្តន៍ដោយអង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម (UNIDO) និងអង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) ដោយនៅកម្ពុជា មានតំណាងដោយក្រសួងកិច្ចការនារី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសហប្រធាន ក្នុងដឹកនាំការសម្របម្រួលការងារ ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងដៃគូពាក់ព័ន្ធានានា។

បើតាមប្រសាសន៍ លោក ថេ ឈុនហាក់ អគ្គនាយកអគ្គនាយកដ្ឋាន សមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី បានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះថា «ការអភិវឌ្ឍឧស្សាហកម្មបៃតង ជាវិស័យ អាទិភាពមួយ នៃកំណើនសេដ្ឋកិច្ច ដែលគិតគូរអំពីចីរភាព និងប្រកបដោយបរិយាបន្ន, គម្រោង EEWIGI នេះ ជាគំនិតផ្តួចផ្តើមថ្មីមួយ ដែលបង្ហាញអំពីការវិយោគដ៏វៃឆ្លាត របស់អ្នកពាក់ព័ន្ធ ក្នុងការផ្តល់ជម្រើសផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ក្នុងការអនុវត្តសិទ្ធិ និងសក្តានុពលរបស់ពួកគាត់»។ លោកបន្ថែមទៀតថា «កិច្ចការនេះ គឺជាតម្លៃរបស់ យើងទាំងអស់គ្នា និងត្រូវការឱ្យមាន កិច្ចសហការ ពីគ្រប់ដៃគូពាក់ព័ន្ធ រួមទាំងវិស័យសាធារណៈ ឯកជន និងអង្គការពាក់ព័ន្ធ»។

សូមជម្រាបថា ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ ក្រុមការងារអនុវត្តគម្រោង បានផ្តោតលើការបង្កើនការយល់ដឹង, សមត្ថភាព និងការគាំទ្រលើតម្លៃសារៈសំខាន់ និងរបៀបនៃការគាំទ្រដល់ស្រ្តីជាអ្នកដឹកនាំ និងសហគ្រិនភាព ក្នុងវិស័យឧស្សាហកម្មបៃតង ។ ក្រោយពីការបង្កើតមូលដ្ឋាននេះ ក្រុមការងារនឹងលើកគម្រោងអាទិភាព សំរាប់ដំណាក់កាលទី២ លើគំនិតផ្តួចផ្តើមជាក់លាក់នានា ក្នុងការវិនិយោគ និងគាំទ្រដល់ស្រ្តី ជាអ្នកដឹកនាំនៅតាមសហគមន៍ និងជាសហគ្រិន ដែលធ្វើការពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មបៃតង៕រក្សាសិទ្ធិដោយ៖CEN
