ភ្នំពេញ ៖ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបទទួលបានសិទ្ធិ ធ្វើនយោបាយ បានឆ្លើយតបទៅនិងការចោទប្រកាន់ របស់លោកស្រី មូរ សុខហួរ និងប្រាប់ទៅក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងតែស្ថិតនៅ ក្រៅប្រទេសថា ល្មមធ្វើចាស់ទុំនយោបាយហើយ កុំធ្វើដូចក្តឹបនយោបាយ ឬស្ទាវនយោបាយ ចែកអោយគេស្រឡាញ់ជាតិខ្លះផង កុំស្រឡាញ់អីតែឯងពេក។
ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី មូរ សុខហួរ បានចោទថា អ្នកដែលសុំសិទ្ធិធ្វើនយោបាយ គឺជាការចូលរួមឲ្យ លទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។

លោករៀល ខេមរិន្ទ្រ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ និងជាប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ប្រាប់ CEN ថា ចំពោះការលើកឡើងរបស់លោកស្រី មូរ សុខហួរ គ្រាន់តែចង់និយាយ សម្រាប់លួងចិត្តខ្លួនឯង និងធ្វើឲ្យអ្នកគាំទ្រ នៅតែមានសង្ឃឹមជឿជាក់ លើពួកគាត់ថា ជាមនុស្សប្រជាធិបតេយ្យ រឹងមាំមានឆន្ទះស្រឡាញ់ជាតិ ស្មោះត្រង់និងសង្គ្រោះជាតិ មិនអោយប្រជាពលរដ្ឋ មកគាំទ្រអ្នកដែលសុំសិទ្ធិ បន្តជីវិតនយោបាយ ដោយទាំងក្នុងចិត្តពួកគាត់ដឹងច្បាស់ថា សង្គ្រោះមិនរស់ឡើងវិញ ហើយផ្ទៃក្នុងបែកបាក់ខ្ទេចខ្ទី គ្មានផ្លូវនិងផ្សះផ្សារឡើងវិញបាន ទន្ទឹមនិងពួកគាត់រង់ចាំតែសញ្ញាភ្លើងខៀវ ពីសម្តេចតេជោ សែន ដែរនោះ។
លោកបញ្ជាក់ថា “សរុបសេចក្តីមក គឺជាភាសារដែលនិយាយកំដឆាក ផ្លាស់ប្តូរគ្នាកុំអោយតែគេថា ស្ងាត់ពេកប៉ុណ្ណោះ តែទោះជាបែបណាក៏ដោយ គឺជាសិទ្ធិក្នុងការបញ្ចេញមតិរបស់គាត់ ក្នុងនាមជាអ្នកនយោបាយ តែសុំចេះគោរពសិទ្ធិនយោបាយអ្នកដទៃផង ព្រោះក្រែងគាត់តាំងខ្លួនជាអ្នកនយោបាយ ប្រជាធិបតេយ្យ ឬដឹងហើយថាពាក្យថាប្រជាធិបតេយ្យ មានន័យថាដូចម្តេច ពួកគាត់មិនមែនទើបចេះ ធ្វើនយោបាយពីម្សិលមិញទេ ល្មមធ្វើចាស់ទុំនយោបាយហើយ កុំធ្វើដូចក្តឹបនយោបាយឬស្ទាវនយោបាយ ចែកអោយគេស្រឡាញ់ជាតិខ្លះផង កុំស្រឡាញ់អីតែឯងពេក”។

ចំណែកលោកផាន់ ច័ន្ទសាក់ មន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ និងជាមេធាវីការពារលោកកឹម សុខា បានមានប្រសាសន៍ថា បើសិនជាការសុំសិទ្ធិធ្វើនយោបាយ ហើយជាការទាញឲ្យលទ្ធិប្រជាធិបតេយ្យ ដើរថយក្រោយ សូមឲ្យលោកស្រី មូរ សុខហួរ ជួយពន្យល់មើលថា តើលទ្ធិប្រជាធិបតេយ្យវាផ្អែកលើអី? លទ្ធិប្រជាធិបតេយ្យផ្អែកលើការបោះឆ្នោត ហើយការបោះឆ្នោតវាត្រូវតែមានពហុបក្សក្នុងការបោះឆ្នោត ហើយបើពហុបក្សក្នុងការបោះឆ្នោតយើង បក្សប្រឆាំងដែលមិនបានចូលរួមបោះឆ្នោត ហើយនឹងមន្ត្រីគណបក្សប្រឆាំងមួយចំនួន ដែលនៅក្រៅប្រទេសមិនមានសិទ្ធិធ្វើនយោបាយ មិនមានសិទ្ធិចូលរួមបោះឆ្នោត ជាពិសេសលោកស្រី មូរ សុខហួរ ត្រូវបានតុលាការកាត់ទោស ដកសិទ្ធិពលរដ្ឋមិនឲ្យឈរឈ្មោះបោះឆ្នោត និងមិនឲ្យមានសិទ្ធិបោះឆ្នោត អស់មួយជីវិតនោះ តើអានឹងអាចជំរុញ លទ្ធិប្រជាធិបតេយ្យបានដែរឬទេ? ចំណុចនេះដែលយើងត្រូវលើកឡើងថា ការដែលយើងសុំសិទ្ធិចូលធ្វើនយោបាយឡើងវិញ គឺយើងត្រូវការសិទ្ធិ ដើម្បីឈរឈ្មោះបោះឆ្នោត ដើម្បីសិទ្ធិបោះឆ្នោត ដើម្បីសិទ្ធិបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមបោះឆ្នោតសម្រាប់ បំពេញលក្ខខណ្ឌ នៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យលំហរប្រជាធិបតេយ្យ របស់យើងវាបើកចំហរមកវិញ។
លោកបានបញ្ជាក់ថា ចំណុចនេះបើសិនជាគេបិទសិទ្ធិរបស់យើង មិនឲ្យចូលរួមបោះឆ្នោត មិនឲ្យយើងឈរឈ្មោះបោះឆ្នោត ហើយបើសិនជាគេបិទយើងហើយ យើងប្រឹងបិទខ្លួនយើងថែមទៀត អាហ្នឹងវារិតតែធ្វើឲ្យលំហរប្រជាធិបតេយ្យម្ខាង ក៏បិទម្ខាងទៀតក៏បិទ ចឹងបិទទាំងសងខាង ចឹងវាងងឹតទាំងពីរ ចឹងបើម្ខាងបិទ ម្ខាងទៀតបើក អាហ្នឹងបានវាភ្លឺ និយាយអញ្ចឹងយើងត្រូវតែប្តូរទស្សនមួយថា មិនត្រូវម្ខាងបិទហើយ ម្ខាងទាញទ្វារបិទដែរទេ អាហ្នឹងគឺមិនល្អទេ។

រីឯលោកប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបទទួលបាននីតិសម្បទា ធ្វើនយោបាយបានមានប្រសាសន៍ថា លោកមិនយល់ដូចជាលោកស្រី មូរ សុខហួរ បានលើកឡើងនោះទេ ប៉ុន្តែលោកយល់ថា ការដែលយើងចូលរួមធ្វើការបោះឆ្នោតនៅឆ្នាំ២០២២ គឺជាការនាំគ្នាជួយលើកស្ទួយ លទ្ធិប្រជាធិបតេយ្យទៅវិញទេ។
លោកបានបន្តថា ប្រហែលជាគេយល់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនទាន់បានល្អបរិសុទ្ធទេដឹង បានជាគេមិនចង់ឲ្យយើងចូលរួម តែលោកមិនគិតចឹងទេ មិនមានលទ្ធិប្រជាធិបតេយ្យនៅស្រុកណាមួយដែលធ្វើឲ្យបាន ១០០ភាគរយទេ ហើយបើយើងមិនចូលរួម ធ្វើម៉េចអាចជួយកែលំអរបាន ហើយយើងនៅតែដេកស្ងៀម ចាំតតែរិះគន់ជេរគ្នាតាមហ្វេសប៊ុក លោកយល់ថា មិនមែនជាការអនុវត្ត លទ្ធិប្រជាធិបតេយ្យទេ គេអាចយល់ច្រឡំអាណាធិបតេយ្យ មិនប្រជាធិបតេយ្យទេ ។
លោកប៉ុល ហំម បានបញ្ជាក់ថា លោកយល់ថា ការចូលរួមបោះឆ្នោត នឹងហើយជាការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ ហេតុនេះហើយបានជាលោក សម្រេចចិត្តស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីព្រះមហាក្សត្រ លើកបម្រាមនយោបាយឲ្យលោកវិញ៕ រក្សាសិទ្ធិដោយៈ ចេស្តារ