ភ្នំពេញ៖ ក្រុមហ៊ុន គ្រីនហ្វីត ខេមបូឌៀ ដែលជាក្រុមហ៊ុនផលិតចំណីសត្វក្នុងប្រទេសកម្ពុជា បានសម្រេច នាំចូលពូជជ្រូកប្រភេទថ្មីមួយ ងាយស្រួលចិញ្ចឹម និងមានគុណភាពខ្ពស់ពីប្រទេសវៀតណាម យកមកចិញ្ចឹមដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ លើវិស័យចិញ្ចឹមសត្វ ក្នុងប្រទេស ដែលហានដំបូងនេះ ក្រុមហ៊ុនគម្រោង និងនាំចូលចំនួន ២៤០០ ក្បាល មកចិញ្ចឹមសាកល្បង ហើយបើជោគជ័យ វានឹងផ្តល់ផលប្រយោជន៍ច្រើន ដល់ការងារចិញ្ចឹមជ្រូកក្នុងស្រុក។

លោក ប៉ូច សុរិទ្ធី នាយកក្រុមហ៊ុន គ្រីនហ្វីត ខេមបូឌៀ បានលើកឡើងថា សកម្មភាពនាំចូលនេះ នឹងមានផលប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យចិញ្ចឹមសត្វជ្រូកក្នុងស្រុក ចាប់ពីពេលនេះតទៅ ព្រោះវានឹងផ្លាស់ប្តូរវិស័យចិញ្ចឹមសត្វជ្រូកអោយកាន់តែរីកចំរើនជាងមុន ពោលគឺ ពូជជ្រូក មានស្ដង់ដា និងគុណភាពខ្ពស់ យកមកផ្គត់ផ្គង់ដល់អ្នកចិញ្ចឹមក្នុងស្រុក។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រលើការវិនិយោគក្នុងវិស័យចិញ្ចឹមសត្វក្នុងស្រុក ដូចនេះកសិដ្ឋានបង្កាត់ពូជជ្រូកថ្មីនេះ ត្រូវបានសាងសង់ឡើងក្នុង ភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដី ទំហំ ៨៣ហិកតា ដែលមានទីធ្លាធំទូលាយ និងដាច់ស្រយាលពីទីប្រជុំជន ដើម្បីធានាគំលាតជីវសុវត្ថិភាពបានល្អស្ថិតស្ថេរមិនបង្កផលប៉ះពាល់ដល់ប្រជាជន។

លោក ប៉ូច សុរិទ្ធី បន្តទៀតថា កសិដ្ឋាននេះ ត្រូវបានបំពាក់ជាមួយឧបករណ៍ទំនើបស្វ័យប្រវត្តិ និងបច្ចេកវិទ្យាចុងក្រោយ ដោយប្រើប្រាស់ទុនវិនិយោគសរុបចំនួន១២លានដុល្លារអាមេរិចសម្រាប់ចិញ្ចឹមជ្រូកពូជចំនួន២,៥០០ក្បាល និងជ្រូកជំទង់ចំនួន២០,០០០ក្បាល។ ក្នុងគោលបំណង ចូលរូមចំណែកលើកស្ទួយលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា, ផ្ទត់ផ្គង់ពូជដែលមានប្រភពច្បាស់លាស់ដល់អតិថិជនដែលប្រកបរបរចិញ្ចឹមសត្វដើម្បីទទូលបានអត្ថប្រយោជន៏ខ្ពស់។

សូមជម្រាបថា បើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកជំនាញបច្ចេកទេសផលិតហ្សែន ការនាំចូលពូជ ជ្រូក ដែលក្រុមហ៊ុនគ្រីនហ្វីត ខេមបូឌៀ បាននាំចូលពូជជ្រូក ភីអាយស៊ី (PIC) ជាប្រភេទជ្រូកផ្ដល់ទិន្នផលខ្ពស់ចំនួន ២៤០០ក្បាល សម្រាប់ដំណើរការចិញ្ចឹមជំហានដំបូង ក្រុមហ៊ុនរំពឹងថា នឹងផ្តល់ទិន្នផលនៅដើម ខែមេសា ឆ្នាំ២០២២ខាងមុខ ជាមួយនឹងសមត្ថភាពផលិត អាចផ្គត់ផ្គង់កូនជ្រូករហូតដល់ ២២០០ក្បាល ក្នុងមួយខែ និងមេពូជ GF24 ចំនួន ៤០០ក្បាល ក្នុងមួយខែ ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកគ្រប់ខេត្ដ-ក្រុង។ រីឯសមត្ថភាពនៃការបង្កើតកូនរបស់ពូជ GF24 គឺមេមួយអាចផលិតកូនបានពី៣០ ទៅ៣២ក្បាល ក្នុងមួយឆ្នាំ ហើយវានឹងអាចបន្តកើនឡើងពី១-៣%ទៀត។

គួរបញ្ជាក់ថា នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនគ្រីនហ្វីត បានបើកសម្ភោធជាផ្លូវការដាក់អោយចាប់ផ្តើមដំណើរការកសិដ្ឋានពូជជ្រូករបស់ក្រុមហ៊ុន ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ជាមួយពូជជ្រូកលំដាប់ពិភពលោក PIC។ ក្រុមហ៊ុនបានត្រៀមរួចរាល់ ក្នុងការផលិតជ្រូក ដើម្បីផ្គត់ផ្គង់ពូជដែលមានគុណភាពខ្ពស់ដល់បងប្អូនប្រជាកសិករក្នុងស្រុក៕ រក្សាសិទ្ធិដោយ ៖ CEN



