ភ្នំពេញ ៖ សាច់គោបង្កកពីប្រទេសឥណ្ឌា ត្រូវបានឈ្មួញឃុបឃិត ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួន លួចនាំចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង ប៉ុន្តែត្រូវបានកម្លាំងគយរាជធានីភ្នំពេញ ចាប់បានកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ព័ត៌មាននេះ ខាងគយរាជធានីភ្នំពេញ នៅមិនទាន់់បានបង្ហាញអំពីលទ្ធផល នៃការបង្ក្រាបសាច់គោបង្កក នាំពីឥណ្ឌា ចូលមកកម្ពុជានៅឡើយទេ ដោយនៅរក្សាការសម្ងាត់នៅឡើយទេ។

ប្រភពបានបង្ហើបឲ្យដឹងថា សាច់គោបង្កកពីប្រទេសឥណ្ឌា ដឹកតាមរថយន្តរបស់ក្រុមហ៊ុន ខារ៉ាមីត (ដឹកតាមរថយន្តរបស់យាយញាប់) និងកំពុងតែមានអ្នករត់ការ សម្របសម្រួលបិទរឿងនេះ ដើម្បីកុំឲ្យដឹងដល់ថ្នាក់លើ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ហើយបន្ទាប់ពីមានករណីនេះ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខាងគយ បានបើកកិច្ចប្រជុំមួយពាក់ព័ន្ធរឿង នាំសាច់គោបង្កក ពីប្រទេសឥណ្ឌា ចូលមកកម្ពុជា។

លោកគុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធករណីឈ្មួញនាំសាច់គោ ពីប្រទេសឥណ្ឌា ចូលមកកម្ពុជា ដោយទូរស័ព្ទចូលជាច្រើនដង មិនមានអ្នកទទួល។
គួរបញ្ជាក់ថា រដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីប្រកាស កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដោយផ្អាកការនាំចូលសាច់គោ និងទំនិញដែលបង្កក ទុកបានយូរមកពីប្រទេសឥណ្ឌា។ បំរាមនេះ ធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា ប្រភេទសាច់បង្កក និងទំនិញបង្កក គឺមានហានិភ័យ ក្នុងការចម្លងកូវីដ១៩ មកកម្ពុជា នៅគ្រាដែលប្រទេសឥណ្ឌា កំពុងផ្ទុះរាលដាលកូវីដ១៩ យ៉ាងធ្ងន់ធ្ងរបំផុតជាងគេ លើពិភពលោក នៅរយៈពេលចុងក្រោយនេះ៕ រក្សាសិទ្ធិដោយ ៖ CEN




