ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា បានរៀបចំវេទិកានៃថ្នាក់ដឹកនាំធនាគារ (CEO Forum) លើកទី១សម្រាប់ឆ្នាំ២០២១ ផ្តោតលើប្រធានបទស្តីពី ការប្រមើលមើលពីការងើបឡើវិញនៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ នៅកម្ពុជានិងនៅតំបន់អាស៊ាន។
វេទិកានេះធ្វើឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ រៀបចំដោយសមាគមធនាគារនៅកម្ពុជា និងមានការសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលកម្មវិធីនេះប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ (Zoom) និងមានអ្នកចូលរួមប្រមាណ ៧០នាក់ មកពីស្ថាប័នហិរញ្ញវត្ថុ និងអ្នកនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានស្វាគមន៍ភ្ញៀវកិត្តិយសនៅក្នុងឱកាសបើកកម្មវិធី CEO Forum និងបានថ្លែងអំណរគុណដល់ លោក Yasuhisa Ojima ដែលជាវាគ្មិនកិត្តិយសមកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ដែលបានចូលរួមផ្តល់បទបង្ហាញលើប្រធានបទស្តីពី ការប្រមើលមើលពីការងើបឡើវិញនៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ នៅកម្ពុជានិងនៅតំបន់អាស៊ាន។

លោក បណ្ឌិត អ៊ិនចាន់នី មានប្រសាសន៍ថា ពេលវេលានៃការពិភាក្សានេះគឺចំពេលបំផុត នៃវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលធនាគារជាតិនៃកម្ពុជាទើបតែបានពន្យារ លើយន្តការនៃការធ្វើឥណទានរៀបចំឡើងវិញ របស់វិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ចុងឆ្នាំ២០២១នេះ ដូច្នេះហើយ ស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅតែចាំបាច់នូវការយល់ ថាតើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តយ៉ាងដូចម្តេច ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោកបានបន្ថែមថា៖“ ដោយសារតែអតិថិជន នៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើន ជួបប្រទះការលំបាកក្នុងការទូទាត់សងប្រាក់កម្ចី ហើយប្រហែល ១២ ភាគរយនៃឥណទានទាំងអស់ត្រូវបានស្នើសុំររៀបចំឡើងវិញ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចគឺមានសារៈសំខាន់បំផុត សម្រាប់អតិថិជន ដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា។»
លោកបានបន្ថែមថា ៖« ការយល់ដឹងនិងការព្យាករណ៍របស់ IMF ពិតជានឹងជួយស្ថាប័នរបស់យើងក្នុងការរៀបចំ និងធានាឱ្យមានស្ថិរភាពនិងវិបុលភាព រយៈពេលវែងនៃវិស័យរបស់យើង។»
យោងតាមបទបង្ហាញរបស់អ្នកតំណាង IMF ប្រចាំប្រទេសកម្ពុជា និងជាសេដ្ឋវិទូជាន់ខ្ពស់របស់ IMF លោក Yasuhisa Ojima បានថ្លែងថា IMF រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,២ ភាគរយនៅឆ្នាំនេះ និង ៦ ភាគរយនៅឆ្នាំ ២០២២ បន្ទាប់ពីការធ្លាក់ចុះ ៣,៥ ភាគរយនៅឆ្នាំ ២០២០ ។ ការព្យាករណ៍អំពីកំណើននឹងត្រូវបានពិនិត្យឡើងវិញ ដោយឆ្លុះបញ្ចាំងពីការកើនឡើងនៃការឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
លោក Ojima បានបន្ថែមទៀតថា វិស័យហិរញ្ញវត្ថុមើលទៅមានស្ថិរភាព ដោយសារតែវិធានការណ៍គោលនយោបាយ ជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន (LPCO, ទុនបម្រុងកាតព្វកិច្ចទាប) និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១ ។ ប៉ុន្តែ ភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ច ជាពិសេសឥណទានទៅលើវិស័យអចលនទ្រព្យនិងសំណង់ ដែលឥណទានខ្លះមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។ ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃការរឹតត្បិត នៃការបែងចែកចាយដើមទុន នឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្នបំផុត។
នៅចុងបញ្ចប់នៃបទបង្ហាញ លោក ហេង កូយ ប្រធានចាត់ការទូទៅនិងតំណាងឲ្យប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងសុន្ទរកថាបិទវេទិកា ដោយថ្លែងអំណរគុណដល់លោក Ojima ចំពោះបទបង្ហាញដ៏ស៊ីជម្រៅរបស់លោក ចំពោះទស្សនវិស័យ និងចម្លើយដែលមានអត្ថន័យផងដែរ។
លោកបានបន្ថែមថា លេខាធិការដ្ឋាននៃសមាគមធនាគារនៅកម្ពុជា នឹងបន្តរៀបចំវេទិកានៃថ្នាក់ដឹកនាំធនាគារ (CEO Forum) រៀងរាល់ពីរខែម្តង។ លោកក៏បានស្នើសុំឱ្យគ្រឹះស្ថានធនាគារ ដែលជាសមាជិកដែល ចង់ចូលរួមចំណែកផ្តល់នូវព័ត៌មានថ្មីៗ ហើយចង់ចូលរួមបកស្រាយក្នុងកម្មវិធីនេះ អាចផ្តល់ជាប្រធានបទ សម្រាប់ខែបន្តបន្ទាប់ផងដែរ៕រក្សាសិទ្ធិដោយ៖CEN