ខេត្តកំពង់ចាម : “ប័ណ្ណរបស់ជនពិការគឺចង់ច្របាច់ចូលជាមួយនឹងប័ណ្ណប.ស.ស ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋមករកសេវាសុខាភិបាលមិនចង់ឲ្យប្រើប្រាស់បានច្រើនគ្រាន់តែជាគោលការណ៍ត្រូវពិភាក្សាគ្នា”។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមជាសុមេធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ដោយលើកឡើងនាព្រឹកថ្ងៃទី ៧កក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមទិវាពិភពលោកលើកទីពីរស្ដីពីបច្ចេកវិទ្យាចំនួយសម្រាប់ជនពិការភាព ដោយធ្វើឡើងនៅបរិវេណវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម។
ឯកឧត្តមជា សុមេធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចមានប្រសាសន៍ដោយលើកឡើងថា: ក្នុងនាមក្រសួងសូមថ្លែងអំណរគុណចំពោះដៃគូអង្គការក្រៅរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិនិងក្រោមថ្នាក់ជាតិដែលបានផ្ដល់កិច្ចសហការក្នុងផែនការយុទ្ធរបស់ក្រសួងគឺមានគោលដៅលើកកម្ពស់អតីតយុទ្ធជននិងយុវនីតិសម្បទាពិសេសការផ្ដល់សេវាសង្គមកិច្ចប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល តាមការពង្រឹងគុណភាពក្នុងការបង្ខិតសេវាឱ្យកាន់តែគៀកប្រជាជន។ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ឲ្យអនុវត្ត។
រដ្ឋមន្ត្រីសង្គមកិច្ចមានប្រសាសន៍បន្តថា
ប្រទេសកម្ពុជាមិនខុសពីប្រទេសនានាលើពិភពលោកដែរ យើងកំពុងប្រឈមនិងពិការភាពយោងតាមការអង្កេតនៃរបាយការណ៍នៅក្នុងឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិបង្ហាញអត្រាជនពិការភាពនៅកម្ពុជាមានចំនួនស្មើ៥,៣% នៃប្រជាជនជាង១៣,៥០លាននាក់។
អត្រានេះជាបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយធានាដល់ជនពិការភាពដូចជនដែលមិនពិការស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។កត្តាបណ្ដាលឲ្យពិការភាពនេះដោយសារតែកង្វះអាហាររូបត្ថម្ភ តំនរពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយសារមីន…។
ជាក់ស្ដែងនៅថ្ងៃនេះបានរៀបចំអបអរសាទរទិវាពិភពលោកបច្ចេកវិទ្យាជំនួយសម្រាប់ជនពិការភាពតាមរយៈមជ្ឈមណ្ឌលស្ដារកាយសម្បទាសាខាមូលនិធិខេត្តកំពង់ចាម រៀបចំកញ្ចប់អំណោយមនុស្សធម៌ជូនដល់ជនពិការភាពក្មេងចាស់ប្រុសស្រីមានចំនួន ១៥០នាក់។
រដ្ឋមន្ត្រីសង្គមកិច្ចបញ្ជាក់ថា រហូតមកដល់ពេលនេះជនពិការភាពបម្រើការងារតាមក្រសួងស្ថាប័ននិងឯកជនសរុបមានចំនួន៩៥០០នាក់ក្នុងនោះបម្រើការងារនៅក្រសួងសង្គមកិច្ចចំនួន១៣៦នាក់ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ជាក់ស្ដែងនៅខេត្តកំពង់ចាមមានគ្រួសារខ្លះពីការភាពគាត់បានចាប់យកអាជីពដាំបន្លែបង្ការលក់ដើម្បីដោះស្រាយជីវភាពគ្រួសារដូច្នេះមន្ត្រីសង្គមកិច្ច ត្រូវតែជួយផ្សព្វផ្សាយឲ្យគេឯងបានដឹងនេះមានន័យថាដូចជាបានរកទីផ្សារជូនពួកគាត់យ៉ាងដូច្នោះ៕ រក្សាសិទ្ធដោយ : ភ្នំប្រុសភ្នំស្រី















