ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកាលពី ថ្ងៃពុធទី ២៦ ខែឧសភា ឆ្នាំ២០២១ បានអនុញ្ញាតអោយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបូរីថ្មី ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម ។
ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មី នៃលោកជំទាវបានមានប្រសាសន៍ថា លោកជំទាវក៏ចង់សិក្សាស្វែងយល់បន្ថែម នូវលទ្ធភាព ក្នុងការពង្រឹងកិច្ចសហការ រវាងប្រទេសទាំង២ឲ្យកាន់តែប្រសើរ ជាពិសេស លើកិច្ចការងារគ្រប់គ្របសំរាម ទឹកស្អាត និងការពង្រឹងសមត្ថភាពមន្ត្រី។

លោកជំទាវសង្ឃឹមថា នៅពេល ខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍ រវាងកម្ពុជា និងសិង្ហបូរី លើវិស័យសំខាន់ៗនានា ជាអាទិ៍ បរិស្ថាន នគរូបនីយកម្ម និងទូរគមនាគមន៍ ព្រមទាំងដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូត ដែលត្រូវរដ្ឋាភិបាលប្រទសសិង្ហបុរី ផ្តល់នូវសេចក្តីទុកចិត្តតែងតាំង ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពី សក្តានុពលដែលសិង្ហបុរី បានសហការនិងគាំទ្រកម្ពុជា នាពេលកន្លងមក គឺការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអប់រំសិក្សាធិការ តាមរយៈការផ្តល់អាហារូបករណ៍ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមក ជាក់ស្តែងរដ្ឋាភិបាលសិង្ហបុរី ទើបតែបានផ្តល់អាហារូបករណ៍ ដល់មន្រ្តីជាយុវជនបន្តវេន៤នាក់ ទៅសិក្សានៅសាលាគោលនយោបាយលីក្វាន់យូ សម្រាប់ក្រសួងបរិស្ថានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងការវិវឌ្ឍន៍ថ្មី ជាពិសេសក្នុងវិស័យបរិស្ថាន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមបណ្ដារាជធានីខេត្តគោលដៅ ជាអាទិ៍ភាពរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍ របស់កម្ពុជា នៅក្នុងការរៀបចំ របាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់កម្ពុជា (Cambodian NDC Update) ក្នុងការអនុវត្ដអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលបញ្ចេញកាបូនតិច (LEDs) យុទ្ធសាស្ត្រ REDD+ ជាតិ និងបទពិសោធន៍ ការចរចាឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

