ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ថា កម្ពុជា បាននាំទំនិញទៅចិនកើនឡើង ជាង ៤០ % នៅ ដើមឆ្នាំនេះ ពោលគឺក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២១នេះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទី ផ្សារប្រទេសចិន មានទំហំទឹកប្រាក់សរុបចំនួនជាង ៤២៤លានដុល្លារ កើនជាង ៤២% និងការនាំចូលទំនិញពីចិនវិញ មានក្នុងទំហំទឹកប្រាក់សរុប ចំនួន ២៥៨០ លានដុល្លារ កើនឡើងជាង ១៦%។

អ្នកជំនាញបានលើកឡើងថា ប្រទេសចិន ជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ កាលពីឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន សម្រេចបានសរុបចំនួន ៨.៥៦៣លានដុល្លារ កើនឡើងជាង ៥ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។

តាមរយៈកិច្ចព្រមព្រៀងមួយរវាងកម្ពុជា-ចិន ត្រូវបានរំពឹងថា នឹងធ្វើឲ្យផលិតផលកម្ពុជា កាន់តែច្រើនឡើង មាន វត្តមានលើទីផ្សារប្រទេសចិន ហើយក៏ជួយទាក់ទាញ វិនិយោគិនចិន ឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ផងដែរ។ កសិផលរបស់ប្រទេសកម្ពុជាជាច្រើនមុខ នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធតាមរយៈលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដែលបានធ្វើកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅ។
គួរបញ្ជាក់ថា មុខទំនិញរបស់កម្ពុជា នាំចេញទៅប្រទេសចិនភាគច្រើន ជាផលិតផលកសិកម្ម ដូចជា អង្ករ, ផ្លែចេកស្រស់, ម៉្សៅដំឡូងមី, ផ្លែស្វាយស្រស់, ដំណាប់ស្វាយ និងផលិតផលនេសាទ ជាដើម៕ រក្សាសិទ្ធិដោយ៖CEN




