ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ៖ សម្អាតសំរាមដើម្បីបំផុសគំនិតសាធារណៈជន ឱ្យចេះស្រឡាញ់បរិស្ថាន សកម្មភាពការពារបរិស្ថាន និងជួយចាស់ជរា គ្រាន់តែជាទង្វើជួយសង្គមខ្លះៗប៉ុណ្ណោះ របស់បេក្ខនារីម្នាក់នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាតឆ្នាំ២០២០។
ជាអ្នកជំនួញម្នាក់នៅទីក្រុងភ្នំពេញ អ្នកនាង សឿង សុថារី គឺជាបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខជនបេក្ខនារីវគ្គផ្ដាច់ព្រ័ត្រទាំង ១០នាក់ ដែលសុទ្ធតែមានឱកាសក្លាយ ជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូស្មាត ជាមួយនឹងទឹកប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។
គាត់ត្រូវបានជ្រើសតាំងដោយលោក ចក់ វុទ្ធី ដែលជាមិត្តភក្តិរបស់គាត់កាលនៅសាកលវិទ្យាល័យ ដោយសារសកម្មភាព ការការពារបរិស្ថានដ៏លេចធ្លោរបស់គាត់។

លោក ចក់ វុទ្ធី បានថ្លែងថា៖ “ខ្ញុំស្រលាញ់កម្មវិធីរបស់ស្មាតហ្នឹង ដែលគាត់បំផុសគំនិតពលរដ្ឋគំរូហ្នឹងមក។ អ៊ីចឹងខ្ញុំក៏គិតថា សម្រេចចិត្តជ្រើសតាំង ថារី ទៅឱ្យ Smart មួយទៅ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមើលទៅ ក្រែងលោគេធ្វើគំរូតាមបានច្រើនអ៊ីចឹង ក្លាយទៅជាប្រទេសដែលស្រលាញ់បរិស្ថានច្រើន ព្រោះអីភាគច្រើន ខ្ញុំឃើញគាត់ឱ្យតែនិយាយអីបន្តិច គឺគាត់ផ្ដោតលើបរិស្ថានអ៊ីចឹងណា”។
អ្នកនាង សុថារី គឺជាម្ចាស់សិប្បកម្មតូចមួយឈ្មោះថា “ធុងបរិស្ថាន” នៅខេត្តកំពង់ចាម ជាទីដែលបុគ្គលិកជាង ១០នាក់ កែច្នៃសំបកកង់ចាស់ៗ ឱ្យទៅជាធុងសំរាម និងគ្រឿងសង្ហារឹមផ្សេងៗ ចាប់ពីឆ្នាំ២០0៨ មកម្ល៉េះ។
អ្នកនាងបានថ្លែងថា ការយកសំបកកង់រថយន្តចាស់ មកកែច្នៃបែបនេះជួយដល់បរិស្ថានបានច្រើន ហើយអាចជួយបង្កើតការងារ ជូនដល់ពលរដ្ឋក្នុងមូលដ្ឋានទៀតផង។

អ្នកនាងបានថ្លែងថា៖ “កំណើននៃការផ្គត់ផ្គង់ទៅកាន់អតិថិជន បានកាន់តែច្រើន គឺស្មើនឹងការដែលយើងបានរួមចំណែក ចូលរួមក្នុងការដោះស្រាយនូវបញ្ហាកាកសំណល់ ដែលកើតចេញពីសំបកកង់រថយន្ដចាស់ៗ ដែលយើងលែងប្រើប្រាស់ហ្នឹង បានកាន់តែច្រើនឡើងផងដែរ”។
កន្លងមក គាត់ក៏បានដឹកនាំយុវជនមួយក្រុម ទៅប្រមូលសំរាមនៅសហគមន៍កំពង់ឃ្លាំង ក្នុងខេត្តសៀមរាបផងដែរ ដើម្បីផ្ញើសារទៅកាន់មនុស្សទូទៅដែលរស់នៅទីនោះ ឱ្យចេះស្រឡាញ់បរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។
ការងារការពារបរិស្ថានរបស់គាត់ ពិតជាមានការទទួលស្គាល់ច្រើនរហូតដល់ក្រសួងបរិស្ថាន បានផ្ដល់ប័ណ្ណសរសើមេត្រីភាពបរិស្ថាន ប្រតិបត្តិករគំរូដល់គាត់នៅចុងឆ្នាំ២០២០។

ការផ្តល់ប័ណ្ណសរសើរនេះ គឺដោយសារការមើលឃើញរបស់ក្រសួង ចំពោះការចូលរួមចំណែករបស់ធុងបរិស្ថាន ក្នុងសង្គមតាមរយៈសារអប់រំអំពីបរិស្ថាន ការបរិច្ចាគធុងសំរាម សម្រាប់ប្រើប្រាស់តាមទីសាធារណៈ វត្តអារាម សាលារៀន និងគ្រួសារដែលគ្មានលទ្ធភាពនានា ក៏ដូចជាការលើកទឹកចិត្តដល់រូបគាត់ពីសំណាក់ក្រសួង។
ក្រៅពីនោះ អ្នកនាង សុថារី ក៏ធ្វើសកម្មភាពជួយសង្គមជាច្រើនទៀតផងដែរ ដូចជារៃអង្គាសថវិកា ដើម្បីជូនចាស់ជរាក្រីក្រជាង ២០នាក់ទៅដើរកម្សាន្តនៅខេត្តសៀមរាប ចែករំលែកបទពិសោធ ជាកម្លាំងចិត្តដល់យុវជន បរិច្ចាគថវិកាជូនមន្ទីរពេទ្យគុន្ធបុប្ផា និងចែកសម្ភារសិក្សាដល់កុមារកំព្រាក្រីក្រជាដើម។
លោក ឡាក់ គឹមសាត ដែលជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានរៀបរាប់ថា វិទ្យាល័យរបស់លោកធ្លាប់ បានទទួលអំណោយជាធុងសំរាមចំនួន ២០ធុងពីអ្នកនាង សុថារី កាលពីឆ្នាំ២០១៨ ដើម្បីប្រើប្រាស់រក្សាបរិស្ថាន និងអនាម័យនៅក្នុងសាលាររបស់លោក ហើយតាំងពីបានធុងសំរាមទាំងនេះ មកបរិស្ថានសាលាបានល្អប្រសើរជាងមុន។

លោកគ្រូថ្លែងថា៖ “លោកគ្រូអ្នកគ្រូបុគ្គលិកសាលា មានការត្រេកអរ ព្រោះនៅក្នុងសាលាយើងត្រូវការបរិស្ថានស្អាត ហើយធុងហ្នឹងសម្រាប់ដាក់តាមថ្នាក់ ឱ្យសិស្សដាក់សំរាម។ យើងបានធុងហ្នឹងហើយគ្រាន់បានដាក់សំរាម”។
អ្នកនាង សុថារី ក៏ចូលរួមជួយដោះស្រាយ បញ្ហាបំពុលបរិស្ថានរបស់ថង់ប្លាស្ទិចផងដែរ ដោយគាត់នាំចូលនិងលើកកម្ពស់ ការប្រើប្រាស់សម្ភារវេចខ្ចប់ដែលផលិតចេញពីរុក្ខជាតិ។
ចំពោះអ្នកនាង សុថារី ការធ្វើទង្វើល្អមិនមែនដើម្បីឈ្នះពានរង្វាន់អ្វីនោះទេ តែវាគឺជាការស្វែងរកសេចក្ដីស្ងប់សុខពិត សម្រាប់ខ្លួនគាត់ផ្ទាល់ ក៏ដូចជាការជួយផ្លាស់ប្ដូរពិភពលោកផងដែរ។
អ្នកនាងបន្ថែមថា៖ “នៅពេលដែលយើងសាបព្រោះនូវទង្វើល្អ ទៅដល់សង្គម យើងនឹងទទួលបានផ្លែផ្កាមកវិញ ជាគុណធម៌ ជាភាពស្មោះត្រង់ ជាគុណតម្លៃនៅក្នុងជីវិតរបស់យើង។ ហើយទាំងអស់នេះ វាជាអ្វីដែលផ្ដល់ក្ដីសុខពិតប្រាកដ ចំពោះផ្លូវចិត្តរបស់យើង”។
អំពើល្អទាំងនេះហើយដែលឆ្លើយតប ទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។

ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart។
ដើម្បីចូលមើលវីដេអូអំពីអ្នកនាង សឿង សុថារី សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5KHgXy_kmy/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័ត ឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវា ទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេ បង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប ទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែល បានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជា ដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័ត ដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្ម ទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យ ប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជា ដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រឡាញ់ពេញចិត្តបំផុត នៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់ លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិត សរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែង ឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អីុមែ៉ល៖ koam.tivea@smart.com.kh៕