ភ្នំពេញ ៖ បន្ទាប់ពីអាជា្ញធរហុងកុង ចាប់បានឈើកម្រ និងជិតផុតពូជប្រមាណ ២១១តោន ដែលក្រុមឈ្មួញនាំចេញពីប្រទេសកម្ពុជា គឺភាគីកម្ពុជានឹងប្រជុំជាមួយគយប្រទេសចិន គយកោះហុងកុង និងគយប្រទេសវៀតណាម ដោយមានការសម្របសម្រួល ពីការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (United Nations Office on Drug and Crime (UNODC)។
ឈើកម្រ និងជិតផុតពូជប្រមាណ ២១១តោន បានរកឃើញពីក្នុងទូកុងទឺន័រចំនួន ៧ទូ ក្រោយបានទម្លាក់ក្នុងបរិវេណការិយាល័យគយ Kwai Chung និង Tsing Yi នៅចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជាកំពុងតែស្រាវជ្រាវ រកអ្នកដែលពាក់ព័ន្ធករណីនាំឈើប្រណិតជាង ២០០តោនចេញទៅក្រៅប្រទេស ខណៈរដ្ឋាភិបាលបានប្រកាស ឱ្យផ្អាកការនាំចេញឈើទៅកាន់ទីផ្សារអន្តរជាតិ និងពិភពលោកជាយូរឆ្នាំមកហើយ។ ការស្រាវជ្រាវនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរហុងកុង បានរឹបអូសកំណាត់ឈើ ប្រភេទឈើកម្រជិតផុតពូជចំនួន ២១១តោន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានបញ្ជាក់ប្រាប់ CEN ថា “យើងកំពុងស្រាវបន្ត ដែលកន្លងមក យើងបានធ្វើទំនាក់ទំនង ជាមួយគយហុងកុងហើយ ប៉ុន្តែយើងមិនទាន់ទទួល បានលទ្ធផលនៅឡើយទេ”។
លោកវេង សាខុន បានបញ្ចាក់ទៀតថា “ដើមសប្តាហ៍នេះ យើងបានរៀបចំកិច្ចប្រជុំជាមួយគយប្រទេសចិន គយកោះហុងកុង និងគយប្រទេសវៀតណាម លើករណីឈើនៅហុងកុង ដោយមាន United Nations Office on Drug and Crime(UNODC) ជាអ្នកសម្របសម្រួល និងមានតំណាង គយនិងរដ្ឋករកម្ពុជាចូលរួមផងដែរ។ ប្រទេសនិមួយៗបានសន្យាថា នឹងបន្តការស្រាវជ្រាវរកជនល្មើសបន្តទៀត”។
នាយកដ្ឋានគយ និងរដ្ឋករនៃរដ្ឋាភិបាលរបស់តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងបានឱ្យដឹងថា បានរឹបអូសកំណាត់ឈើប្រភេទឈើកម្រជិតផុតពូជចំនួន ២១១ តោន ដែលមានតម្លប្រមាណ ១១លានដុល្លារហុងកុង ឬស្មើនឹង ១៤០០០០ ដុល្លារ។ កំណាត់ឈើដែល ត្រូវបានរឹបអូសនេះ ត្រូវមន្ត្រីគយហុងកុង បានរកឃើញពីក្នុងទូកុងទឺន័រចំនួន ៧ទូ ក្រោយបានទម្លាក់ ក្នុងបរិវេណការិយាល័យគយ Kwai Chung និង Tsing Yi នៅចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ការរឹបអូសនេះ ត្រូវបានចាត់ទុកថា ជាការរឹបអូសកំណាត់ឈើប្រភេទរុក្ខ ជាតិកម្រ និងមានតម្លៃដ៏ធំបំផុត ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានបញ្ជាក់ថា ទាំងសម្តេចនាយករដ្ឋមន្ត្រី និងលោកផ្ទាល់គឺបានប្រកាសឱ្យផ្អាកការនាំចេញឈើទៅកាន់ទីផ្សារអន្តរជាតិ និងពិភពលោកជាយូរឆ្នាំមកហើយ។
ក្រៅពីនេះក៏មានការបញ្ជាក់បន្ថែមតាមរយៈសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា រយៈពេល ៥ឆ្នាំមកហើយ ដែលក្រសួងពុំ ដែលបានរៀបចំឯកសារ ឱ្យក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញប្រភេទឈើរងការគំរាមកំហែង ទៅកាន់ទីក្រុងហុងកុង ឬក្រៅប្រទេសនោះឡើយ។
នៅក្នុងសេចក្តីប្រកាសដដែលនោះ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានសង្កត់ធ្ងន់ផងដែរថា បើសិនមានករណីនាំចេញមននោះគឺជា ការរត់ពន្ធឈើខុសច្បាប់។ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ថា នឹងធ្វើការស៊ើបអង្កេតចំពោះករណីនេះ ដើម្បីកំណត់អ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ ជុំវិញបញ្ហារត់ ពន្ធឈើខុសច្បាប់តាមការអះអាងរបស់ក្រសួងខាងលើ បង្កឲ្យមានករណីមន្ទិលសង្ស័យជាច្រើនអំពីវិធី សាស្ត្ររត់ពន្ធឈើដ៍ច្រើនសន្ធឹកសន្ធាប់ចេញពីកម្ពុជាដោយសុវត្ថិភាព និងបុគ្គលពាក់ពន្ធ័ករណីនេះ។
អង្គការគំនិតផ្តួចផ្តើមសាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបានរកឃើញថា ប្រទេសកម្ពុជា បាន បាត់បង់គម្របព្រៃឈើប្រមាណ ៥៥៧០០០ហិកតា ដែលស្មើនឹងប្រមាណ ១១៧% នៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងចន្លោះពីឆ្នាំ២០០១ ដល់២០១៨ នៅក្នុងតំបន់ការពារធម្មជាតិ ហើយ សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលកំពុងរងការរឹតត្បិតក្នុងការចូលរួមកិច្ចការពារបរិស្ថានពី សំណាក់អាជ្ញាធរ៕
រក្សាសិទ្ធិដោយៈ ចេស្តារ