ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២១នេះ ប្រទេសកម្ពុជា បាននាំចូលសាច់ក្របីជាង ៩០០តោន ពីប្រទេសឥណ្ឌា ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។
នៅឆ្នាំ២០២០ កន្លងទៅ ប្រទេសកម្ពុជា បាននាំចូលសាច់ក្របី ពីប្រទេសឥណ្ឌាប្រមាណ ១.៦៣០តោន ដែល មានតម្លៃ ១៧,៧លានដុល្លារអាមេរិក កើនឡើងពី ៦,៤លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០១៩។ ប្រទេសឥណ្ឌា ជាប្រភពផ្គត់ផ្គង់សាច់ក្របីធំបំផុតរបស់កម្ពុជា។ បើគិតក្នុងរយៈពេលជាង ៣ ឆ្នាំចុងក្រោយនេះ ពីឆ្នាំ ២០១៨ ដល់ខែឧសភា ឆ្នាំ ២០២១នេះ ការនាំចូលមានបរិមាណជាង ៣ពាន់តោន។

គួរបញ្ជាក់ថា ស្របពេលដែលប្រទេសឥណ្ឌា កំពុងញាំញីដោយការឆ្លងរាលដាល ដ៏គ្រោះថ្នាក់បំផុត នៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ក្នុងនោះរួមទាំងសាច់ក្របីផង ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដោយចាត់ទុកថា មានហានិភ័យខ្ពស់អាចបង្កឱ្យឆ្លងជំងឺដ៏សាហាវនេះ៕រក្សាសិទ្ធិដោយ៖CEN




