បាត់ដំបង ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការកែលម្អប្រព័ន្ធធារាសាស្ត្រថ្មី នៅតំបន់អាងកំពីងពួយ ដែលល្បីជាងគេនៅខេត្តបាត់ដំបង ស្ថិតក្នុងភូមិសាស្ត្រឃុំតាគ្រាម ស្រុកបាណន់ ដើម្បីផ្តល់ភាពងាយស្រួល នាំទឹកពីអាងកំពីងពួយទៅស្រោចស្រពដំណាំស្រូវ របស់ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺនហិកតា នៅក្នុងស្រុកមួយចំនួននៃខេត្តបាត់ដំបង ឆ្លើយតបតាមសំណូមពរនិងតម្រូវការចាំបាច់ ក៏ដូចជាការបំពេញនូវភាពខ្វះខាតទឹក សម្រាប់ការស្រោចស្រពដំណាំកសិកម្មជូនប្រជាកសិករ។

លោក វង្ស ដារ៉ា ប្រធានក្រុមប្រឹក្សាបច្ចេកទេស ប្រចាំគម្រោងកែលម្អវិស័យ ធារាសាស្ត្រកសិកម្ម បានឲ្យដឹងថា ការកែលម្អប្រព័ន្ធធារាសាស្រ្ត នៅតំបន់អាងកំពីងពួយនេះ មានការស្ដារប្រឡាយ ការចាក់បេតុងប្រឡាយមួយចំនួន ការធ្វើសំណង់ទ្វារទឹកជាង៣០០កន្លែង និងការស្ថាបនាច្រាំងអាងកំពីងពួយ ឲ្យកាន់តែរឹងមាំជាងមុន។

លោក បន្តថា ការកែលម្អបន្ថែមនេះ កាន់តែងាយស្រួលក្នុងការនាំទឹក យកទៅផ្គត់ផ្គង់ដំណាំកសិកម្មផ្សេងៗ នៅទីឆ្ងាយៗមួយចំនួន ក្នុងស្រុកបាណន់ ស្រុកបវេល ក្រុងបាត់ដំបង ខណៈតំបន់ខ្លះនឹងអាចធ្វើស្រែបានចាប់ពី២ ទៅ៣ដង ក្នុងមួយរដូវៗ។
គួរបញ្ជាក់ថា ការកែលម្អប្រព័ន្ធធារាស្ត្រ នៅតំបន់អាងកំពីងពួយនេះ ជាគម្រោងឥណទានសម្បទាន និងជំនួយហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលគម្រោងនេះ នឹងធ្វើឲ្យជីវភាពរបស់ពលរដ្ឋ នៅខេត្តបាត់ដំបង កាន់តែមានភាពល្អប្រសើរ តាមរយៈការនាំទឹក ពីប្រភពអាងកំពីងពួយ ទៅស្រោចស្រព ដំណាំកសិកម្មនានា របស់ប្រជាកសិករ៕ រក្សាសិទ្ធិដោយ៖CEN




