Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មី ! ឥណ្ឌាបង្កើត «ព្រះកូរ៉ូណា» ២អង្គ ដើម្បីទុកបួងសួងរាល់ថ្ងៃ និងជឿថាអាចយកឈ្នះជំងឺកូវីដ-១៩

ក្រុមបូជាចារ្យហិណ្ឌូ នៅព្រះវិហារមួយ នៅភាគខាងត្បូងប្រទេសឥណ្ឌា កំពុងធ្វើការបួងសួងរាល់ថ្ងៃ ចំពោះព្រះកូរ៉ូណាចំនួន២ព្រះអង្គ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ទល់នឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ ខណៈដែលប្រទេសកំពុងប្រយុទ្ធនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង។

រូបចម្លាក់ព្រះហៅថា “ Corona Devi” ចំនួនពីរអង្គ ត្រូវបានបង្កើតឡើងនៅភាគខាងត្បូង នៃទីក្រុង Coimbatore ដែលទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងសម្លាប់មនុស្ស ១០០.០០០ នាក់ នៅទូទាំងប្រទេស ក្នុងរយៈពេល ៤សប្តាហ៍ ចុងក្រោយនេះ។

បើទោះជាព្រះវិហារ Kamatchipuri Adhinam ត្រូវបានបិទសម្រាប់អ្នកគោរពបូជា ដោយសារតែអត្រា ឆ្លងខ្ពស់នៅក្នុងទីក្រុង យ៉ាងណា ក៏ប៉ុន្តែ សម្រាប់ក្រុមបូជាចារ្យមួយក្រុម កំពុងគោរពសក្ការៈ នៅមុខព្រះដែលធ្វើអំពីឈើ និងមួយអង្គទៀតធ្វើពីថ្ម។

ពួកគេបានយកអាហារ និងគ្រឿងដង្វាយផ្សេងៗទៀត ទៅថ្វាយ ហើយធ្វើពិធីបន់ស្រន់បួងសួង សុំឲ្យបញ្ឈប់ការរាតត្បាតជំងឺនេះ និងស្រង់ទឹកឲ្យរូបព្រះ ជាមួយទឹករមៀត និងទឹកដោះគោផងដែរ។

អ្នកគ្រប់គ្រងវិហារឈ្មោះ Anandbharathi K បាននិយាយថា «យើងបានធ្វើកិច្ចនេះស្រដៀងៗគ្នា សម្រាប់ជំងឺអុជស្វាយ និងប៉េស្ត កាលពីពេលកន្លងមក។ យើងកំពុងគោរពបូជាវីរុសនេះក្នុងទម្រង់ជាព្រះ ហើយអធិស្ឋានដល់ព្រះនាងរៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ»។

Anandbharathi បាននិយាយថា «សូម្បីតែគ្រូពេទ្យក៏មិនអាចដោះស្រាយ ជាមួយនឹងស្ថានភាពដ៏ធំធេងនេះដែរ។ ដូច្នេះ យើងមានតែងាកទៅរកជំនឿ និងព្រះទេ ដែលជាមធ្យោបាយចុងក្រោយ»។

គួរបញ្ជាក់ថា ខណៈដែលចំនួនករណីឆ្លងហាក់រាងធូរស្រាលច្រើនទៅហើយនោះ ស្រាប់តែពេលនេះ ប្រទេសឥណ្ឌា ដែលមានប្រជាជនចំនួន ១.៣ ពាន់លាននាក់ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ចំពោះភាពធ្ងន់ធ្ងរ នៃរលករាតត្បាតចុងក្រោយបង្អស់ ដែលបានគ្របដណ្តប់លើមន្ទីរពេទ្យ និងបណ្តាលឲ្យមានការខ្វះអុកសុីហ្សែន និងថ្នាំ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងជារៀងរាល់ថ្ងៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×