ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងភូមិទាំង១១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ជីវភាព ខ្វះខាតដោយវិបត្តិជំងឺកូវីដ១៩ ហើយរស់នៅក្នុងតំបន់ក្រហម ដែលរងការបិទខ្ទប់កន្លងមកនោះ ទទួលបានការយកចិត្តទុកដាក់ ពីប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ លោក ស ថេត បានចាត់ក្រុមការងារនាំយកអំណោយ ជាស្បៀងអាហារជាច្រើនឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋទាំងនោះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះស្រាយស្បៀងអាហារ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជីវភាពដោយជំងឺកូវីដ១៩នៅគ្រាដែលបញ្ហាជំងឺឆ្លងកូវីដ១៩ នៅតែបន្តគំរាមកំហែង ប្រជាពលរដ្ឋនៅក្នុងសហគមន៍រាជធានីភ្នំពេញនៅឡើយនោះទេ។

ការចែកអំណោយជាស្បៀងអាហារ បានធ្វើឡើងជាបន្តបន្ទាប់ កាលពីថ្ងៃទី២៧ ឧសភា និងបន្តចែកនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១រួមមានៈ នៅភូមិសន្សំកុសល៣ ចំនួន២៥គ្រួសារ ,នៅភូមិចំរើនផល១ ចំនួន២២គ្រួសារ, នៅភូមិសន្សំកុសល៤ ចំនួន៤៣គ្រួសារ, នៅភូមិចំរើនផលចំនួន៣៥គ្រួសារ, នៅភូមិសន្សំកុសល២ ចំនួន៤៣គ្រួសារ, នៅភូមិសន្សំកុសល១ ចំនួន៤៣គ្រួសារ, ភូមិសន្សំកុសល៦ចំនួន១៩គ្រួសារ។
ក្រុមការងារបន្តនាំយកអំណោយជាស្បៀងអាហារ ដែលជាអំណោយរបស់កឧត្តម ស ថេត ប្រធានក្រុមការងារ ចុះជួយសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យយក ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតាមភូមិមួយចំនួនទៀត ដែលមានរហូត១១ភូមិនោះ។

លោក សួស សារិន ចៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ប្រាប់ឱ្យដឹងថា សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យមាន ប្រជាពលរដ្ឋសរុប៦ពាន់៦រយគ្រួសារ ហើយក្នុងអំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ សង្កាត់បឹងទំពុនទី១ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកជាតំបន់ក្រហម បន្ទាប់មកប្រែមកជាតំបន់លឿងទុំ ដែលបានរងការបិទខ្ទប់ ធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅ ក្នុងសហគមន៍សង្កាត់បឹងទំពុនទី១។ ប៉ុន្តែមកដល់ពេលនេះ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ គឺស្ថានភាពជំងឺកូវីដ១៩ អាជ្ញាធរសមត្ថកិច្ចបានទប់ស្កាត់ និងមានសភាពធូរស្បើយច្រើននោះ ហើយដោយប្រែក្លាយជាតំបន់លឿង។ ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងទំពុនទី១ សូមថ្លែង អំណរគុណ យ៉ាងជា្រលជ្រៅបំផុត ជូនចំពោះឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ និងក្រុមការងារចុះជួយតាមបណ្តាភូមិទាំង១១ ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងទំពុងទី១ នៅគ្រប់គ្រាលំបាក ជាពិសេសកំពុងប្រឈម រងផលប៉ះពាល់ជីវភាព ដោយបញ្ហាជំងឺឆ្លងកូវីដ១៩នេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ


