ត្បូងឃ្មុំ ៖ រដ្ឋមន្ត្រីសង្គមកិច្ចបានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋាន ការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់ជូន សេវាសាធារណៈជូនប្រជាពលរដ្ឋរួមមាន ការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ការចុះសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈជាដើម ហើយថា នេះជាកាតព្វកិច្ចរបស់អាជ្ញាធរឃុំស្របទៅតាមច្បាប់កំណត់របស់ក្រសួងមហាផ្ទៃ ដោយមិនត្រូវ ធ្វើអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ និងអស់ជំនឿមកលើរាជរដ្ឋាភិបាល។
លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថ្លែងជំរុញបែបនេះ ក្នុងឳកាសដែលលោកអញ្ជើញចុះសំណេះសំណាល ក្នុងអង្គវេទិកាសាធារណៈរវាងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ជាមួយប្រជាពលរដ្ឋ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ។
លោករដ្ឋមន្ត្រី បានថ្លែងថា ការជួបសំណេះសំណាលនេះដើម្បីបានដឹងពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដោះស្រាយនូវរាល់សំណើរ និងសំណូមពរ ដែលជាបញ្ហាប្រឈម ពិសេសការការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របស់អាជ្ញាធរមូលដ្ឋាន ។
លោកក៏បានស្តាប់នូវការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ និងបានដោះស្រាយនូវសំណូមពរមួយចំនួន ជូនប្រជាពលរដ្ឋដូចជាបញ្ហាផ្លូវ និងភ្លើងអគ្គិសនីជាដើម ដោយលោកបានជម្រាបជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំធ្វើអោយគ្រប់ភូមិទាំងអស់នៅ ទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ ។
បើតាម ប្រធានក្រុមប្រឹក្សាឃុំដូនតីលោក ហ៊ិន ស៊ាម អោយដឹងថា ចំពោះការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន រដ្ឋបាលឃុំដូនតីបានខិតខំក្នុងការបម្រើសេវាឲ្យបានទាន់ពេលវេលា ព្រមទាំងបានយកចិត្តទុកដាក់ក្នុងការកសាងនូវហេដ្ឋារចនា សម្ព័ន្ធនានាដូចជា ផ្លូវ ប្រឡាយទឹក ជាដើម ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និង ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ កំពុងមានការរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកជីវភាពរស់នៅ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ នៃរាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះ ៕ ដោយ ៖ បញ្ញាស័ក្តិ