រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បាននិយាយពីថ្ងៃចន្ទថា ទារកនិងកុមារចំនួន ៨២,៣៤១ នាក់នៅក្នុងប្រទេសម៉ាឡេស៊ីបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ ១៩។
ដោយបំបែកតួលេខថ្មីមួយទៀត លោកវេជ្ជបណ្ឌិតអាដាមបានមានប្រសាសន៍ថា ករណីចំនួន ១៩,៨៥១ ករណី គឺជាកុមារដែលមានអាយុក្រោម ៤ ឆ្នាំ ដោយករណីចំនួន ៨,២៣៧គឺពាក់ព័ន្ធនឹងអ្នកដែលមានអាយុពី ៥ ទៅ ៦ ឆ្នាំ។
សរុបចំនួនករណីឆ្លងទៅលើកុមារគឺមានចំនួន ២៦,៨៥១ ដែលមានអាយុចាប់ពី ៧ ទៅ ១២ ឆ្នាំ និង ២៧,៤០២ ករណីគឺកើតទៅលើក្មេងដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ។ លោកវេជ្ជបណ្ឌិតអាដាមបានមានប្រសាសន៍ថា គ្មាននរណាម្នាក់ស្ថិតនៅក្នុងការព្យាបាលកម្រិតធ្ងន់ខ្លាំងនោះទេ។
ដោយបង្ហាញការព្រួយបារម្ភចំពោះចំនួននេះ លោកវេជ្ជបណ្ឌិតអាដាម បានណែនាំឪពុកម្តាយឬអាណាព្យាបាល ឱ្យមានទំនួលខុសត្រូវខ្ពស់ក្នុងការការពារកុមារពីការឆ្លងដូចជា ឲ្យមានការជៀសវាងពីកន្លែងដែលមានមនុស្សច្រើន។
លោកបានបន្ថែមថា បើទោះបីជាគ្មានបទប្បញ្ញត្តិច្បាប់ ពិន័យចំពោះឪពុកម្តាយដែលយកកូន ៗ ទៅកន្លែងដែលមានមនុស្សច្រើន ក៏ដោយក៏ ឯកសារស៊ើបអង្កេតអាចត្រូវបានបើកដំណើរការ។ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទ បានរាយការណ៍ករណីថ្មីចំនួន ៦,៨២៤ ករណីពាក់ព័ន្ធនឹងជំងឺកូវីដ – ១៩ ហើយចំនួនសរុបករណីឆ្លង ក្នុងប្រទេសគឺមានដល់ទៅ ៥៧២,៣៥៧ ករណីនៅទូទាំងប្រទេស។ ក្នុងនោះករណីស្លាប់ដោយសារកូវីដ-១៩ មានចំនួន ៦៧ នាក់បន្ថែមទៀត និងមានអ្នកជំងឺចំនួន ៨៥១ នាក់កំពុងសម្រាកព្យាបាលកម្រិតធ្ងន់ ហើយករណីចំនួន ៤២២ នាក់គឺតម្រូវឲ្យមានឧបករណ៍ជំនួយដកដង្ហើម៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

