ថ្មីៗនេះ អ្នកប្រើប្រាស់អុីនធើណែត ជាអ្នកពិសេសអ្នកលេងបណ្តាញសង្គមខ្មែរយើង ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីជីវិតអ្នកប្រដាល់ថៃឈ្មោះ Antoine Pinto ថា មានឈាមជ័រជាជនជាតិខ្មែរ-កាត់បារាំង។

នេះបើយោងតាមទ័ព័រហ្វេសប៊ុកផ្លូវការរបស់កីឡាកររូបនេះ កាលពីថ្ងៃចន្ទ (៣១ ខែឧសភា) បានបង្ហោះរូបថត៤សន្លឹក ដើម្បីបង្ហាញថា ខ្លួន និងសាច់ញាតិ ក្រុមគ្រួសារជាជនជាតិខ្មែរ និងពិសេសនោះ គឺលាតត្រដាងរូបថតអំពីជីតារបស់គាត់តែម្តង។
ពិតណាស់ អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងនោះ គឺថា ជីតារបស់គាត់មានឈ្មោះ លន់ ណុន ដែលត្រូវជាប្អូនប្រុសបង្កើត របស់លោកសេនាប្រមុខ លន់ នល់ ដែលជាអតីតប្រធានាធិបតីនៃរបបសាធារណៈខ្មែរ។

កីឡាករប្រដាល់ Antoine Pinto បានសរសេរនៅលើផេករបស់ខ្លួនថា៖ «នេះគឺជារូបភាពជីតារបស់ខ្ញុំ។ ខ្ញុំមិនដែលស្គាល់គាត់ទេ ប៉ុន្តែខ្ញុំពិតជាមានឱកាសទៅលេងសមាជិកគ្រួសារមួយចំនួនកាលពីមុន ហើយខ្ញុំសង្ឃឹមថានឹងអាចវិលត្រឡប់ទៅវិញឆាប់ៗនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់អ្នកទាំងអស់គ្នា ចំពោះការស្រឡាញ់ និងការគាំទ្រ ដែលខ្ញុំកំពុងទទួលពីអ្នកគ្រប់គ្នា។ ហើយចងចាំថា ត្រូវមានមោទនភាពជានិច្ច ចំពោះថាអ្នកជានរណា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















