សត្វស្វាចំនួន ៨៨ ក្បាល ដែលកំពុងស្ថិតនៅលើផ្លូវ ទៅកាន់បណ្តាភោជនីយដ្ឋានធំៗ នៅក្នុងប្រទេសប្រទេសកម្ពុជា ត្រូវបានសង្គ្រោះជីវិត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដោយប៉ូលីសថៃ ខណៈពួកគេកំពុងអនុវត្តវិធានការបិទផ្លូវ ដើម្បីរារាំងជនចំណាកស្រុកខុសច្បាប់ ចូលក្នុងទឹកដីប្រទេសថៃ។ នេះបើតាមកាសែតជាភាសាថៃ Thai Rath រាយការណ៍ឲ្យដឹង។

យោងតាមប៉ូលីសថៃ បានឲ្យដឹងថា ពួកគេបានបញ្ឈប់រថយន្ត Pick Up ១គ្រឿង និងពិតជាមានការតក់ស្លុតជាខ្លាំង នៅពេលរកឃើញសត្វស្វាចំនួន ១០២ ក្បាល នៅក្នុងឡាំងជ័រចំនួន ១៧ ។ តែយ៉ាងណា ស្វាចំនួន ១៤ ក្បាល ក្នុងចំណោមនោះ ត្រូវបានរកឃើញថាបានងាប់ទៅហើយ។
តៃកុងឡាន បានប្រាប់ប៉ូលីសថា គាត់ត្រូវបានបុរសម្នាក់រស់នៅក្នុងខេត្ត Phichit ជួលឲ្យដឹកសត្វស្វាទាំងនោះ ទៅកាន់ស្រុក Wattana-nakhon នៅក្នុងខេត្ត Sakaew -ទីកន្លែងដែលបុរសម្នាក់ផ្សេងទៀត នឹងទទួលយកសត្វស្វា ចូលមកកាន់ប្រទេសកម្ពុជា។

បើតាមតៃកុងឡាន បានប្រាប់ឲ្យដឹងថា សត្វស្វាទាំងនោះ នឹងត្រូវយកទៅសម្លាប់ និងបរិភោគ ដោយបុរសជនជាតិចិនដែលនិយមខួរស្វា។ គាត់ទទួលបានថ្លៃឈ្នួលដឹកស្វាចំនួន ៣០០០ បាត (ស្មើ ៩៦ ដុល្លារ)។ គាត់ក៏បានបញ្ជាក់ថា គាត់បានដឹកស្វាបានចំនួន ៣ លើក រួចមកហើយ។
ទោះយ៉ាងណា សត្វស្វាត្រូវបានជួយសង្គ្រោះទាំងនោះ ក្រោយមក ត្រូវបានគេដឹកយកទៅកាន់ មជ្ឈមណ្ឌលគាំពាសត្វព្រៃលេខ១ នៅក្នុងខេត្ត Nakhon Nayok៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



