Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ ត្រៀមឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងរដូវវស្សា

ភ្នំពេញ ៖ ក្រសួងការពារជាតិបានត្រៀមឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត និងបែងចែកកម្លាំងប្រចាំការជាប់ជាប្រចាំ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋ អោយបានទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុនាពេលខាងមុខនេះ។

តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមលក្ខណៈដើម្បីត្រៀមកំលាំងជួយសង្រ្គោះគ្រោះមហន្តក្នុងឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំដើម្បីត្រៀមបម្រុង ការឆ្លើយតបគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិ នៅក្នុងរដូវវស្សានេះ។

នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីបណ្តាអង្គភាពជំនាញ ទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស អង្គភាព ធានាភស្តុភាហិរញ្ញវត្ថុ និង ជំនាញវិស្វកម្ម កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស កងរាជអាវុធហត្ថ កងពលតូចដឹកជញ្ជូនលេខ៩៩ និងមន្ទីរពេទ្យព្រះកេតុមាលា ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួម សង្ក្រោះគ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋ នាពេលកន្លងមក ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ។ ហេតុដូចនេះហើយបានជា គណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានត្រៀមលក្ខណៈ ទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និង សម្ភារៈផ្សេងៗទៀតដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានជំរុញដល់បណ្តាអង្គភាពមានការពាក់ព័ន្ធ និងការងារសង្គ្រោះគ្រោះមហន្តរាយ ត្រូវពិនិត្យ ឧបករណ៍ សម្ភារៈប្រើប្រាស់ ដែលមានអោយបានត្រឹមត្រូវដូចជា៖ ឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត និងត្រូវបែងចែកកម្លាំងប្រចាំការជាប់ជាប្រចាំ ដើម្បីចុះជួយសង្រ្គោះប្រជាពមរដ្ឋ អោយបានទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ។

ប្រធានគណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិសង្ឃឹមថា គ្រប់បណ្តាលអង្គភាពជំនាញ របស់កងយោធពលខេមរភូមិន្ទ ដែលមានការពាក់ពន្ធ័ទាំងអស់ នឹងត្រៀមខ្លួនអនុវត្តនូវភារកិច្ច ជួយសង្រ្គោះគ្រោះមហន្តរាយនៅក្នុងរដូវវស្សាឆ្នាំ ២០២១ នេះអោយសំរេចបានលទ្ធផលល្អ តាមការណែនាំរបស់រាជរដ្ឋភិបាលបានដាក់ចុះ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបណ្តាលអង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ បានរាយការណ៍ជូនអង្គប្រជុំ អំពីការត្រៀមលក្ខណៈរបស់ខ្លួនទាំងកំលាំង និង មធ្យោបាយសំភារៈដែលខ្លួនមាន ព្រមទាំងបានធ្វើការហ្វឹកហ្វឺនថែមទៀត ក្នុងការត្រៀមលក្ខណៈជួយសង្ក្រោះគ្រោះមហន្តរាយក្នុងឆ្នាំនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×