Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសសមាជិក GMS បង្ហាញពីឆន្ទៈ ចង់ទាក់ទាញភ្ញៀវទេសចរ ចាក់វ៉ាក់សាំង ក្នុងផែនការស្តារវិស័យទេសចរណ៍ឡើងវិញ

ភ្នំពេញ ៖ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ហៅថា GMS គាំទ្រកម្ពុជា លើគំនិតផ្តួចផ្តើម ធ្វើជាម្ចាស់ផ្ទះទទួល ស្វាគមន៍ អង្គភាពទេសចរណ៍មេគង្គ (Mekong Destination) ដែលជាកម្មវិធីក្នុងទម្រង់កិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍។

ក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គលើកទី ៤៧ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលការិយាល័យទេសចរណ៍មេគង្គ តាមប្រព័ន្ធវីដេអូនាពេលថ្មីៗនេះ មានការដឹកនាំការប្រជុំដោយមន្ត្រីជំនាញក្រសួងទេសចរណ៍ នឹងមានការចូល រួម ពីតំណាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ តំណាងធនាគាអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ ក៏ទទួលបានលទ្ធផលមួយចំនួន ដូចជា ប្រទេសជាសមាជិក GMS បានបង្ហាញពីឆន្ទៈ ដើម្បីទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង នៅក្នុងផែនការស្តារវិស័យទេសចរណ៍ឡើងវិញរបស់ប្រទេសនីមួយៗ។

ក្នុងនោះកម្ពុជាបានបង្ហាញពីយុទ្ធសាស្ត្រសំខាន់ៗនៃផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលកូវីដ-១៩ ២០២០-២០២៥ និងផែនការត្រៀមបើកទទួលកញ្ចប់ទេសចរណ៍ចាក់វ៉ាក់សាំង អំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីបង្កើនទំនុកចិត្តលើគោលដៅទេសចរណ៍កម្ពុជា ចូលរួមស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។
កម្ពុជា ក៏លើកពីការខិតខំជំរុញការអនុវត្ត គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។

ប្រទេសថៃ មានផែនការទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំង សម្រាប់កោះភូកេត នៅខែកក្កដា និងចំនួន ១០គោលដៅទេសចរណ៍ផ្សេងទៀត នៅខែតុលា ឆ្នាំ ២០២១នេះ។
GMS សំដៅដល់បណ្តាប្រទេសដែលមានទន្លេមេគង្គហូរកាត់ រួមមាន កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ វៀតណាម និង ថៃ។ GMS បង្កើតឡើងដើម្បីអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ទេសចរណ៍ ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍទីក្រុង និងតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន៕ រក្សាសិទ្ធិដោយ៖CEN

×