ខេត្តត្បូងឃ្មុំ៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំ បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិច្រើនកុះករមកលេងតាមតំបន់រមណីយដ្ឋាននានាសរុបចំនួន ៧៩,១៩៥ នាក់។ តួលេខនេះបានបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ ៧,៦២% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ដែលមានចំនួនសរុប ៧៣,៥៨៧ នាក់។ ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរបរទេសមិនមានវត្តមានក្នុងអំឡុងពេលនេះទេ
ហើយអាជ្ញាធរក៏ដូចជាជំនាញទេសចរណ៍ខេត្តជំរុញឲ្យម្ចាស់តំបន់ទេសចរណ៍នីមួយៗ យកចិត្តទុកដាក់ពិសេសគឺបរិស្ថានស្អាត ។
កំណើនភ្ញៀវទេសចរណ៍នេះ បានឆ្លុះបញ្ចាំងពីភាពទាក់ទាញ នៃតំបន់រមណីយដ្ឋាននានា ក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំ និងគ្រប់គ្រងវិស័យទេសចរណ៍។
ដើម្បីធានាបាននូវគុណភាពសេវាកម្ម និងបទពិសោធន៍ល្អសម្រាប់ភ្ញៀវទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានចាត់មន្ត្រីជំនាញចុះអនុវត្តសកម្មភាពសំខាន់ៗមួយចំនួន រួមមាន៖
-ការងារផ្សព្វផ្សាយសេចក្តីណែនាំ : មន្ត្រីជំនាញបានចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៨ ស.ណ.ន ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដល់គ្រប់ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងមូលដ្ឋាន។
ការងារគ្រប់គ្រងតម្លៃ និងគុណភាពសេវា : មន្ទីរបានណែនាំយ៉ាងម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្មទាំងអស់ ឲ្យរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ព្រមទាំងតម្រូវឲ្យសរសេរតម្លៃឲ្យបានច្បាស់លាស់ ក្នុងបញ្ជីមុខម្ហូប ដើម្បីជៀសវាងការឡើងថ្លៃហួសហេតុ និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ក្នុងការសម្រេចចិត្ត។
ការងារអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ : ក្រៅពីការយកចិត្តទុកដាក់លើតម្លៃ និងសេវាកម្ម មន្ត្រីក៏បានជួយណែនាំដល់ភ្ញៀវទេសចរ ឲ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន ដោយវេចខ្ចប់ និងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ទៅតាមធុងសម្រាម ដែលបានរៀបចំទុក ដើម្បីរួមចំណែកដល់ភាពស្អាតស្អំ និងទាក់ទាញ នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល។ សូមជម្រាបជូនថា : ការកើនឡើង នៃចំនួនភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺជាសញ្ញាណវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តត្បូងឃ្មុំ ដែលបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍន៍បន្ថែមទៀត ជាមួយនោះកម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយតាមគោលដៅតំបន់ទេសចរណ៍សំខាន់ៗក្នុងការពង្រឹងសន្តិសុខក្នុងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី





