ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ CEN ថា ដំណើរការចាក់វ៉ាក់សាំងជូននិងកម្មករ កម្មការិនី នៅតំបន់ក្រហម គឺបានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ហើយការចាក់វ៉ាក់សាំងនៅតំបន់ក្រហម គឺបានសម្រេចអស់ហើយ គឺបានសម្រេចទាំងម្ជុលទី១ និងម្ជុលទី២។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់ថា “ប៉ុន្តែឥឡូវនេះ មានហេតុការណ៍មួយចំនួនទៀត ក៏យើងពិបាកនឹងពន្យល់ដែរ អ្នកខ្លះយោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺចាក់មិនឲ្យមិនដក ដូច្នេះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺប្រជាពលរដ្ឋក្តាប់បាន។ ដូច្នេះប្រជាពលរដ្ឋមួយចំនួនដឹងថា ទីកន្លែងចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យកងទ័ពនៅបន្តចាក់ ដូច្នេះពួកគាត់នាំគ្នាមកពីកន្លែងទីទៃ ឬកន្លែងផ្សេង ហើយយើងកំពុងតែពិចារណាអំពីម្ជុលទី១ និងម្ជុលទី២”។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺការប្រើប្រាស់វ៉ាក់សាំងដែលមានតាមដំណាក់និមួយៗ គឺដើម្បីឲ្យវាស្របទៅតាមតំបន់និមួយៗ ហើយនិងតមម្រូវការបន្ទាន់នៅកន្លែងនិមួយៗ ហើយចាត់ទុកថា ភាពវិសេសវិសាលនិងឆ្លាសវៃបំផុត ក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺការបំពេញភារកិច្ច ក្នុងការអនុវត្តនយោបាយវ៉ាក់សាំង គឺវាស្របរបៀបណា ត្រឹមត្រូវរបៀបណា ហើយអាចចាត់ទុកជាប្រវត្តិសាស្ត្រ នៃការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩៕ រក្សាសិទ្ធិដោយៈ ចេស្តារ








