នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោក ម៉ាល់ខូម ថើនប៊ុល(Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលធ្វើឡើងនៅមជ្ឈមណ្ឌល សន្និសីទអន្តរជាតិ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ សម្តេចតេជោ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តីបំផុតដោយលោកនាយករដ្ឋមន្ត្រី។
នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ គឺលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានចាត់ទុកថាជាកិច្ចប្រជុំដ៏មានផ្លែផ្កាវិជ្ជមាន ពីព្រោះលោកមានឱកាសនបានស្តាប់ប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយផ្ទាល់ដែលបានបញ្ជាក់ច្បាស់ថា កម្ពុជាស្វាគមន៍បើកចំហរដល់សហគមអន្តរជាតិ និងបើកឱកាសទូលំទូលាយដល់ទំណាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា កម្ពុជានឹងខិតខំរៀបចំការបោះឆ្នោតអោយបានល្អត្រឹមត្រូវទៅតាមកាលកំណត់។ សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រទេសអូស្ត្រាលីដែលបានបើកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាដែលបានជួយកសិករបង្កើនទិន្នផលស្រូវបានខ្ពស់ (CARDI)។
លោកនាយរដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយសន្យាបន្តផ្តល់ជំនួយ ៨៧ លានដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងប្តេជ្ញាបន្តកិច្ចសហការជាមួយសម្តេចនាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជាអោយកាន់តែមានសន្ទុះលឿនទៅមុខនឹងទទួលបានជោគជ័យ។ នៅក្នុងកិច្ចពិភាក្សាថ្ងៃនេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានប្តេជ្ញាសហ ប្រតិបត្តិជាមួយគ្នាក្នុងការថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ UN នៅក្នុងពិភពលោកថែមទៀតផង៕ ដោយ ៖ បញ្ញាស័ក្តិ