ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានព្រមានដល់អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្នុងករណីដែលបណ្តែតបណ្តោយ ឱ្យមានការបើកក្លឹបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានក្រសួងសុខាភិបាល គឺអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយកុំឆ្លើយថាបទល្មើសកើតហើយថាមិនដឹងនោះ។
ការព្រមានរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រុញដល់អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន ចំពោះបទល្មើសវិធានក្រសួងសុខាភិបាល ដែលបង្កឱ្យមានហានិភ័យ រីករាលដាលជំងឺកូវីដ១៩។

លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានធ្វើការព្រមានដាក់វិន័យចំពោះមន្រ្តីនគរបាល ដែលអនុវត្តការងារមិនល្អនៅមូលដ្ឋាន និងមិនបានយកចិត្តទុកដាក់បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
នៅក្នុងកិច្ចប្រជុំ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជថានីភ្នំពេញ ក៏បានណែនាំនឹងជម្រុញមន្រ្តីនគរបាលជំនាញអត្តសញ្ញាណកម្ម ត្រូវពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋចាប់ពីអាយុ១៧ឆ្នាំឡើង ទៅឱ្យបានច្រើនដើម្បីប្រជាពលរដ្ឋយកទៅប្រើប្រាស់ សម្រាប់ចុះឈ្មោះនិងទៅបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់គ្នា នៅគ្រាដែលពេលវេលានៃការរៀបចំបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់និងបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តកាន់តែខិតជិតមកដល់ហើយនោះ។

ឧត្តមសេនីយ៍ឯក ស ថេត ក៏បានដាក់ចេញនូវការអនុវត្តវិធានការ ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយសារអត្រានៃបទល្មើសមិនគោរពច្បាប់ចរាចរណ៍ បានកើតនិងកើនឡើងវិញ ដែលគិតជាមធ្យមក្នុងរយៈពេល២ថ្ងៃ យ៉ាងហោចណាស់មានមនុស្ស១នាក់ស្លាប់។ ជាងនេះថែមទៀតក៏បានណែនាំ ដល់កម្លាំងនគរបាលអធិការដ្ឋាននៅបណ្តាខណ្ឌ ដែលជាប់នឹងទន្លេត្រូវអនុវត្តសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការឱ្យរុះរើបែរចិញ្ចឹមត្រីនិងផ្ទះបណ្តែតទឹក ឱ្យចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីការពារនិរន្តរភាពបរិស្ថានទឹកទន្លេស្អាត ពីព្រោះការចិញ្ចឹមត្រីនិងធ្វើផ្ទះបណ្តែតទឹកទន្លេ បង្កឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ



