ភ្នំពេញ ៖ ការនាំចេញអង្ករភាគច្រើន ទៅកាន់ទីផ្សារសហ ភាពអឺរ៉ុបធ្លាក់ចុះ។ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា កម្ពុជានាំចេញអង្ករធ្លាក់ចុះជាង ៣៤% គ្រាដែលជួបវិបត្តិតម្លៃដឹកជញ្ជូនខ្ពស់ និងកង្វះកុងតឺន័រជាដើម។
លោក លន់ យ៉េង ដែលជាអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យអ្នកសារ ព័ត៌មានដឹងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ មានការធ្លាក់ចុះជាង ៣៤ភាគរយ ដោយសារជួបវិបត្តិ នៃតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តកើនឡើងខ្ពស់ និងកង្វះកុងតឺន័រ គ្រាដែលការបញ្ជាទិញនៅតែមានតម្រូវ ការខ្ពស់ ជាពិសេស ប្រទេសចិន នៅតែបន្តការបញ្ជាទិញអង្ករពីប្រទេសកម្ពុជា។ លោកបន្តថា ការនាំចេញអង្ករធ្លាក់ចុះ គឺភាគច្រើនទៅកាន់អឺរ៉ុប ដោយសារតែថ្លៃដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុប នៅថ្លៃដដែលមិនព្រមចុះទាល់តែសោះ មិនតែប៉ុណ្ណោះទេ វាថែមទាំងខ្វះកុងតឺន័រដឹកជញ្ជូនផងដែរ។ ការឡើងថ្លៃបែបនេះ គឺមិនមែនតែកម្ពុជានោះទេ ប៉ុន្តែវាឡើងថ្លៃពីអាស៊ីទៅកាន់អឺរ៉ុបតែម្តង សូម្បីតែប្រទេសមួយចំនួនក៏រងផលប៉ះពាល់ដែរ ដូចជា ប្រទេសថៃ ជាដើម។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងថា បរិមាណអង្ករនាំចេញមានចំនួន ជាង ២៣ម៉ឺនតោន មានការថយចុះចំនួន ៣៤,៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈតម្លៃនៃការនាំចេញ អង្ករ ទទួលបានប្រមាណ ១៩៦,៩១លានដុល្លារ។ អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ៥៥.១៨៨តោន, ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ១២០.៨៣៤តោន, ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១.៨៤៨តោន និងទិសដៅដទៃទៀតចំនួន ១៩ប្រទេស មានបរិមាណសរុប ៣៥.១៦១តោន។
គួរបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៥៤ បាននាំចេញអង្ករពីកម្ពុជា ហើយបរិមាណអង្ករ ដែលបាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន ១០ មាន ១៦៨.៥១១តោន និងក្រុមហ៊ុន ៤៤ ទៀត បាននាំចេញអង្ករត្រឹមតែ ៦៤.៥២០តោន ប៉ុណ្ណោះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

