Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខណ្ឌច្បារអំពៅ ចុះពិនិត្យបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ តាមដងទន្លេបាសាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោករស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រុមការងារចុះ ពិនិត្យ និងចែកសេចក្តីជូនដំណឹង ដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។ កិច្ចការនេះធ្វើឡើង អនុវត្តតាមស្មារតី នៃសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ និងសេចក្តីជូនដំណឹង របស់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្តីពី ការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ក្នុងយុទ្ធនាការថ្ងៃដំបូងនេះដែរ លោកអភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យណែនាំ ដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ចំនួន៣ទីតាំង , ទីតាំងទី១-នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ព្រំប្រទល់ជាមួយសង្កាត់ព្រែកថ្មី មានបែ ចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកច្រើនជាងគេ , ទីតាំងទី២នៅមាត់ទន្លេបាសាក់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ មានផ្ទះទូកតូចៗជាច្រើនឈប់ចតនៅមាត់ច្រាំងទន្លេ និង ទីតាំងទី៣ នៅចំណុចដៃទន្លេមេគង្គក្រោម ស្ថិតក្នុងសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ។

បន្ទាប់ពីបានអានខ្លឹមសារ នៅក្នុងសេចក្តីជូនដំណឹង និងបានស្តាប់ការពន្យល់បន្ថែម ពីលោកអភិបាលរងខណ្ឌ អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ យល់ព្រមអនុវត្ត តាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានី និងរដ្ឋបាលខណ្ឌច្បារអំពៅ តែសុំពន្យាពេលថែមទៀត ដើម្បីទុកពេលដើររកទីតាំងថ្មី ដាក់កូនត្រីចិញ្ចឹម និងរើផ្ទះបណ្តែតទឹកចេញ ព្រោះនៅក្នុងបែ នីមួយៗ សុទ្ធតែកូនត្រីទើបនឹងដាក់ចូលចិញ្ចឹម ។

ការស្នើសុំពន្យារពេល រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ដែលជាសំណូមពរ របស់អ្នករស់នៅ លើទីតាំងទាំងអស់នេះ ត្រូវបានក្រុមការងារលើក យកមកពិចារណា និងសម្រេចនៅពេលក្រោយ ។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខណ្ឌច្បារអំពៅចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ចុះហត្ថលេខា ដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ គឺទុក រយៈពេល១សប្តាហ៍ ឲ្យអ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេរុះរើចេញដោយខ្លួនឯង បើមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌ និងមានវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវ រាល់ការខូតខាតឡើយ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×