ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន បម្រុងបត់ឆ្វេងចូលផ្លូវ១០៦ មិនប្រយ័ត្នបណ្តាលឲ្យជ្រុល ទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។
ចំណែកឯម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចឃាត់ឲ្យនៅដោះស្រាយ ជាមួយជនរងគ្រោះ នៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង២នឹង១៥នាទីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ កែងនឹងផ្លូវ១៣ ចំណុចក្រោយផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក PCX មួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1-IQ 3774 ធ្វើដំណើរតាមបណ្តោយផ្លូវ១៣ ក្នុងទិិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្រាប់តែគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2-W 9999 ធ្វើដំណើរតាមបណ្តោយផ្លូវ១៣ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងទៅជើងក្នុងល្បឿនមធ្យម បម្រុងបត់ឆ្វេង តាមបណ្តោយផ្លូវ១០៦ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូ PCX ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ពិនិត្យ ជុំវិញកន្លែងកើតហេតុ រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត


