ភ្នំពេញ ៖ នេះជារឿងថ្មីមួយបង្កការភ្ញាក់ផ្អើលទៀតហើយ ខណៈដែលបុរសម្នាក់ បានតាមទាន់គូដណ្តឹងរបស់ខ្លួន កំពុងជិះឡានជាមួយបុរសជនជាតិចិនម្នាក់ និងថែមទាំងឃើញបង្ហាញភាពល្ហូកល្ហើននិងគ្នាទៀតផង ដែលធ្វើឲ្យគាត់ឃើញហើយស្ទើរស្លុតបេះដូងតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង ៩ យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចខាងមុខភោជនីយដ្ឋាន K&S តាមបណ្ដោយផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

នៅក្នុងហេតុការណ៍នេះផងដែរ បុរសរូបនោះ ដែលពោរពេញដោយកំហឹងឈឺចាប់យ៉ាងខ្លាំង ក្រោយជិះម៉ូតូស្ទាក់កាក់រថយន្តឲ្យឈប់ ក៏បានធ្វើសកម្មភាពយកមួកសុវត្ថិភាព វាយកញ្ចក់រថយន្តបណ្តាលឲ្យបែកផ្នែកខាងមុខ និងចំហៀងខាងឆ្វេង ឲ្យរងការខូចខាតយ៉ាងដំណំ និងព្រមទាំងឡើងទៅអង្គុយលើដំបូលរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន មកចោមរោមមើលព្រោងព្រាត និងសមត្ថកិច្ចមូលដ្ឋានចុះមកសម្របសម្រួល។

អ្វីដែលធ្វើឲ្យបុរសនោះ ផ្ទុះកំហឹងដល់ថ្នាក់វាយកម្ទេចកញ្ចក់រថយន្តជនជាតិចិនយ៉ាងសាហាវបែបនេះ គឺដោយសារតែគាត់ឃើញបុរសជនជាតិចិននោះ បានយកដៃក្តិចថ្ពាល់នារីជាគូដណ្តឹងស្តែងៗ។ តែយ៉ាងណា ក្នុងខណៈនោះ គេក៏បានឃើញនារីនោះ បានធ្វើការបដិសេធចំពោះការចោទប្រកាន់របស់បុរសជាគូដណ្តឹងថា បុរសចិននោះគ្រាន់តែជូតកន្លែងច្រមុះបន្តិចប៉ុណ្ណោះ និងមិនធ្វើអ្វីៗលើសពីនេះនោះទេ។ តែយ៉ាងណា ក្រោយមក អ្នកទាំងពីរក៏បានត្រូវរ៉ូវគ្នាវិញ ជិះម៉ូតូជាមួយគ្នាចាកចេញពីកន្លែងកើត ខណៈបុរសជនជាតិចិន ក៏បានបើករថយន្តទាំងរងការខូចខាត ចាកចេញទៅផងដែរ។

គួរបញ្ជាក់ថា មុនឈានដល់កើតរឿងផ្ទុះឡើងបែបនេះ បុរសរូបនោះបានរៀបរាប់ប្រាប់ថា គាត់និងនារីជិះរថយន្តជាមួយជនជាតិចិននោះ គឺត្រូវជាគូដណ្ដឹងរបស់គាត់ និងក៏បានសែនព្រានជាមួយគ្នារួចហើយផងដែរ ព្រោះតែកូវីដ១៩ រៀបការពុំកើត។ ប៉ុន្តែ មួយរយៈនេះ គាត់ពិតជាមានការចម្លែកជាខ្លាំង ដោយនារីជាគូដណ្ដឹងរបស់គាត់ ដែលតែចេញពីធ្វើការនៅម៉ោង៥ល្ងាច ប្រាប់ថាធ្វើការថែមម៉ោងបន្ថែមទៀតរហូតដល់យប់ជ្រៅ។ តែយ៉ាងណា ដោយកើតមានការសង្ស័យ យប់នេះថែមយប់ជ្រៅចម្លែក គាត់ក៏បានឲ្យនារីជាគូដណ្តឹងធ្វើការ sharelocation មកឲ្យ ហើយគាត់ក៏ជិះម៉ូតូតាម location រហូតទាន់ និងឃើញបុរសជនជាតិចិន ត្រូវជាមេ បានយកដៃបិចថ្ពាល់នារីជាគូដណ្ដឹងរបស់គាត់ ធ្វើឲ្យគាត់ខឹងសម្បារយ៉ាងខ្លាំង ក៏បង្កជាហិង្សាកើតឡើងបែបនេះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




