Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមហិរញ្ញវត្ថុបីរួមគ្នារៀបចំសិក្ខាសាលាលើកទី១ ស្តីពី មុខងារប៊េងកាសួរេននៅកម្ពុជា

ភ្នំពេញ ៖ កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២១នេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលារួមគ្នាលើកទី១ ស្តីពី មុខងារប៊េងកាសួរេននៅកម្ពុជា បន្ទាប់ពីមានសេចក្តីប្រកាស ស្តីពី លក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន ដែលចេញដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៣១ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។

សិក្ខាសាលាលើកទី១នេះ មានការគាំទ្រពី និយ័តករធានារ៉ាប់រងកម្ពុជា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនិងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា ដែលប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធអនឡាញ ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ មកពីធនាគារជាតិនៃកម្ពុជា និង និយ័តករធានារ៉ាប់រងកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអ្នកពាក់ ព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុផ្សេងៗទៀត។

មានមតិស្វាគមន៍ក្នុងកម្មវិធី លោក បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាលើកទី១ ដែលសមាគមទាំងបី បានរួមសហការគ្នារៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវមុខងារប៊េងកាសូរេនដើម្បីកសាងនូវទំនុកចិត្ត ដល់សា ធារណជន និងលើកកម្ពស់ចំណេះដឹងផ្នែកទីផ្សារធានារ៉ាប់រង ដោយផ្តល់ឲ្យសាធារណ ជននូវមូលដ្ឋានគ្រឹះនៃការយល់ដឹងពីភាពចាំបាច់នៃវិស័យធានារ៉ាប់រង និងទិដ្ឋភាពនៃទីផ្សារធានារ៉ាប់រងនិងផលិតផលរបស់ខ្លួន ដែលផ្សារភ្ជាប់រវាងវិស័យធនាគារនិងវិស័យធានារ៉ាប់រង។

លោកបណ្ឌិតបញ្ជាក់ថា៖«សិក្ខាសាលានេះទៀតសោត ក៏ស្របតាមប្រកាសនិងក្របខ័ណ្ឌបទប្បញ្ញត្តិ របស់ធនាគារជាតិនៃកម្ពុជា សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន ក្នុងគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការបង្កើនលទ្ធភាពឲ្យសាធាណជនទទួលបានសេវាធានារ៉ាប់រង នឹងពង្រឹងកិច្ចការពារអតិថិជន។»

ដោយឡែក លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានថ្លែងថា សិក្ខាសាលានេះ នឹងដើរតួនាទីយ៉ាងសំខាន់ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និតរវាងភាគីពាក់ព័ន្ធ ក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង ដើម្បីឲ្យ ប្រតិបត្តិការប៊េងកាសូរេនកាន់តែមានការរីកចំរើនទៅមុខជាលំដាប់។ ការភ្ជាប់ទំនាក់ទំនងនៃវិស័យទាំងពីរ ក៏នឹងចូលរួមបង្កើនការយល់ដឹង និងទំនុកចិត្តដល់អតិថិជន សាធារណជន មកលើសេវាធានារ៉ាប់រងនៅកម្ពុជាផងដែរ។

លោកបូរាណ បន្ថែមថា៖« ផ្អែកតាមបទពិសោធន៍តាមគ្រឹះស្ថានហិរញ្ញវត្ថុកន្លងមក ហេតុផលដែលអតិថិជនមួយចំនួនជួបការក្ស័យធន់ ឬបរាជ័យគឺរួមមាន បញ្ហាសុខភាព គ្រោះថ្នាក់ដោយចៃដន្យ រួមទាំងគ្រោះធម្មជាតិផងដែរ។ ដូច្នេះដើម្បីចូលរួមពង្រឹងការកាពារអតិថិជនបន្ថែមទៀត តាមរយៈផលិតផល និងសេវាកម្មធនារ៉ាប់រង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យទាំងអស់នេះ។»
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា សេវាធានារ៉ាប់រង គឺជាឧបករណ៍គ្រប់គ្រងហានិភ័យសម្រាប់ការពារសុវត្ថិភាពនិងស្ថិរភាព ហិរញ្ញវត្ថុរបស់បុគ្គល និងធុរជននៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។

លោកថា វិស័យធានារ៉ាប់រង និងធនាគារនិងហិរញ្ញវត្ថុ គឺជាសរសរស្តមដែលមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតនៅក្នុងវិស័យហិរញ្ញវត្ថុ។ សេវាធានារ៉ាប់រង ផ្តល់ជាសំណាញ់សុវត្ថិភាពសម្រាប់ការពារស្ថិរភាពហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នធុរកិច្ច, គាំទ្រដល់ការធ្វើពាណិជ្ជកម្ម, ជំរុញការធ្វើវិនិយោគនិងការផ្តល់ឥណទានធនាគារដោយសារហានិភ័យឥណទានត្រូវបានកាត់បន្ថយក្រោមការការពាររបស់
ប័ណ្ណសន្យារ៉ាប់រង, ព្រមទាំងប្រមូលផ្តុំនិងពូនគរមូលនិធិដែលអាចយកទៅវិនិយោគ នៅក្នុងប្រព័ន្ធធនាគារ និងទីផ្សារមូលនិធិ ដែលជាកត្តារួមចំណែកដល់ការបង្កើនលទ្ធភាពផ្តល់ហិរញ្ញប្បទានដល់វិស័យអាជីវកម្ម និងផលិតកម្មនានា។

លោកវ៉ាថារ៉ូបានសង្កត់ធ្ងន់ថា៖«ការបញ្ជូនសេវាឬផលិតផលធានារ៉ាប់រងឲ្យដល់ដៃប្រជាពលរដ្ឋនឹងរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើនការប្រើប្រាស់សេវាធានារ៉ាប់រង ដែលនឹងផ្តល់នូវភាពធន។ ហេតុដូច្នេះ ប្រតិបត្តិករធានារ៉ាប់រងតែងរិះរកគ្រប់មធ្យោបាយដើម្បីបង្កើតបណ្តាញចែកចាយផលិតផលធានារ៉ាប់រងជាច្រើនប្រភេទ និងធ្វើយ៉ាងណាអាចផ្តល់សេវាឬផលិតផលធានារ៉ាប់រងប្រកបដោយប្រសិទ្ធភាពដល់ដៃប្រជាពលរដ្ឋក្នុងតម្លៃសមរម្យដែលពួកគេអាចលៃលកប្រើប្រាស់បាន។ »

លោកបន្តថា ក្នុងចំណោមបណ្តាញចែកចាយទាំងនោះ ការលក់ផលិតផលធានារ៉ាប់រងតាមរយៈគ្រឹះស្ថានធនាគារ ដែលហៅថា ប៊េងកាសួរេន គឺជាបណ្តាញចែកចាយ ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់នៅតាមទីផ្សារនានានៅក្នុងតំបន់ និងពិភពលោក ជាពិសេសសម្រាប់ធានារ៉ប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា នាពេលកន្លងមក ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យធនាគារចំនួន ១៨ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ០២ផ្តល់សេវាប៊េងកាសួរេន តាមរយៈម៉ូដែលណែនាំអតិថិជន ឬ Referral តែប៉ុណ្ណោះ មានន័យថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចណែនាំអតិថិជនទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងជាដៃគូ ដោយគ្មានសិទ្ធិលក់ផលិតផលធានារ៉ាប់រងដោយផ្ទាល់ទេ។ លោកបន្តថា ការអនុញ្ញាតតែម៉ូឌែលណែនាំអតិថិជននេះ ជាឧបសគ្គដល់ក្រុមហ៊ុនធានារ៉ាប់រង មិនអាចផ្តល់សេវាប៊េងកាសួរេន ឲ្យបានទូលំទូលាយដល់អតិថិជន ហើយការអនុញ្ញាតនេះ មិនទាន់មានបទប្បញ្ញត្តិច្បាស់លាស់នៅឡើយទេ ព្រោះជាដំណាក់កាលសាកល្បងទីផ្សារ។
លោក សុវណ្ណារិទ្ធ បន្តថា៖«ធនាគារជាតិនៃកម្ពុជា យល់ពីសារៈសំខាន់នៃប៊េងកាសួរេន ចំពោះវិស័យធនាគារនិងវិស័យធានារ៉ាប់រង អតិថិជន និងសង្គមទាំងមូល ហើយជារួមធនាគារជាតិនៃកម្ពុជា គាំទ្រដល់ការផ្តល់សេវាប៊េងកាសួរេនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប៉ុន្តែក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ យើងតែងតែមានការព្រួយបារម្ភអំពីហានិភ័យដែលអាចកើតមានពីសេវានេះ ជាពិសេសហានិភ័យកេរ្តិ៍ឈ្មោះ ប្រសិនបើបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ពន្យល់អតិថិជនអំពីផលិតផលធានារ៉ាប់រង មិនបានត្រឹមត្រូវនិងប្រកបដោយវិជ្ជាជីវៈ។

ហេតុនេះ លោកថា ប្រកាសស្តីពី លក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន ដែលបានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់សេវាប៊េងកាសួរេន កាន់តែទូលំទូលាយ ក្នុងគោលបំណងចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបង្កើនលទ្ធភាពឲ្យសាធារណជនទទួលបានសេវាធានារ៉ាប់រងដោយផ្ទាល់ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ទន្ទឹមនេះគ៏ត្រូវមានយន្តការការពារអតិថិជនសមស្រប»។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រង ក៏បានលើកឡើងថា វិស័យធានារ៉ាប់រង និងវិស័យធនាគារនិងហិរញ្ញវត្ថុ គឺជាសរសរស្តម២ ដែលមាន ទំនាក់ទំនង ជិតស្និតជាមួយគ្នា នៅក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុសម្បូរណ៍បែប និងទូលំទូលាយដល់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន។ ឯកឧត្តមអគ្គនាយកក៏បានសង្កត់ធ្ងន់លើ ភាពចាំបាច់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព ចំពោះបុគ្គលិកដែលផ្តល់សេវាជូនអតិថិជន តាមយន្តការប៊េងកាសួរេននេះ សំដៅធានាបាននូវភាពត្រឹមត្រូវ សុវត្ថិភាព និងប្រសិទ្ធិភាពនៃផលិតផលធានារ៉ាប់រងសម្រាប់អ្នកប្រើប្រាស់៕រក្សាសិទ្ធិដោយ៖CEN

×