ភ្នំពេញ ៖ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ករណីជម្លោះដីធ្លី រវាងក្រុមយោធាសាលាបច្ចេកទេសតេជោហ៊ុន សែន ជាមួយប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ដែលមានការប៉ះទង្គិចគ្នា បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់រងរបួស។ ករណីជម្លោះដីធ្លីនេះ កើតឡើងកាលពីម៉ោងជិត ១រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

សេចក្តីរាយការណ៍បានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួនប្រមាណជាង ១០០នាក់ តំណាងឲ្យ ១៧០គ្រួសារ ប្រដាប់ដោយកាំបិត ដំបង និងដបសាំង កាំបិត ស្ថិតនៅក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល បាននាំគ្នាដុតកង់ឡាន និងបិទផ្លូវជាតិលេខ៥១ ដើម្បីតវ៉ារឿងដីធ្លីដែលមានទំហំជិត ៣០០ហិកតា ដែលជាកម្មសិទ្ធិរបស់សាលាបច្ចេកទេសតេជោហ៊ុនសែន។ ហើយការបិទផ្លូវតវ៉ានេះ បន្ទាប់ពីខាងភាគីយោធាបានយកត្រាក់ទរ័កាយព្រំដីរបស់សាលា ប៉ុន្តែប្រជាពលរដ្ឋមិនព្រម និងបានយកដបសាំងគប់លើគ្រឿងចក្រ ខាងយោធាក៏បាញ់ផ្ជុចដីផ្លាតត្រូវប្រជាពលរដ្ឋម្នាក់រងរបួស។

ទាក់ទងករណីនេះ លោកគង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៣ ខែមិថុនានេះថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងរបួសកំពុងតែសម្រាកនៅមន្ទីរពេទ្យ។

អភិបាលខេត្តកណ្តាលបានបញ្ជាក់ថា ក្រុមយោធា គឺការពារដីរបស់រដ្ឋ សម្រាប់ផលប្រយោជន៍ក្រសួងការពារជាតិ និងក្រសួងបរិស្ថាន នៅពេលពួកគាត់កាយព្រំដី ដើម្បីកំណត់ដីរដ្ឋ ហើយគាត់ក៏ទប់ស្មារតីមិនបាន ហើយប្រជាពលរដ្ឋឈូឆរ និងមានអ្នកបំផុសស្រែកពីក្រោយ និងមានក្រុមបង្កើតជាចលនា។ ឥឡូវលោកកំពុងតែខិតខំធ្វើការសម្របសម្រួលដោះស្រាយ ហើយអាជ្ញាធរកំពុងតែខិតខំធ្វើហើយ។
លោកអភិបាលខេត្ត បានអះអាងថា មានការដុតឆេះគ្រឿងចក្ររបស់ភាគីខាងយោធា ដែលបានយកមកកាយកំណត់ព្រំដីរបស់រដ្ឋ៕ រក្សាសិទ្ធិដោយៈ ចេស្តារ





